ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្នុងចំណោមសិស្សវិទ្យាល័យមុខថ្មីៗរាប់លាននាក់ដែលកំពុងប្រឡងចូលមហាវិទ្យាល័យ ឬហៅថាការប្រឡង “កាវកៅ” (Gaokao)ដ៏គួរឱ្យភ័យបំផុតរបស់ចិនកាលពីថ្ងៃពុធទី៧មិថុនា លោក លៀង ស៊ី (Liang Shi) មើលទៅលេចធ្លោជាងគេ ព្រោះជាមហាសេដ្ឋីសក់ស្កូវ ដែលនៅតែរឹងចចេសមកប្រឡងចូលសាកលជាលើកទី ២៧។
លោកលៀង អាយុ ៥៦ ឆ្នាំ មិនមែនជាមនុស្សល្ងង់ទេ។ គាត់បានធ្វើពីការងារតូចតាចនៅរោងចក្ររហូតអាចបង្កើតអាជីវកម្មគ្រឿងសំណង់ដ៏ជោគជ័យរបស់គាត់។ប៉ុន្តែក្តីស្រមៃមួយតែងតែគេចវេសពីគាត់ គឺការទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់នៅលើការប្រឡងកាវកៅដ៏ឃោរឃៅដ៏ល្បីឈ្មោះដើម្បីចូលសិក្សានៅសាកលវិទ្យាល័យស៊ីឈ័នលំដាប់កំពូល។
ដើម្បីប្រកួតប្រជែងជាមួយសិស្សវិទ្យាល័យជិត ១៣ លាននាក់ដែលប្រឡងនៅឆ្នាំនេះ លោកលៀងបាននិយាយថា គាត់បានរស់នៅ “ជាជីវិតបែបព្រះសង្ឃ” អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយក្រោកពីព្រលឹមដើម្បីសិក្សាសៀវភៅផ្សេងៗរយៈពេល ១២ ម៉ោងក្នុងមួយថ្ងៃ។
លោកលៀងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “វាជាការគិតមួយមិនស្រណុកចិត្តឡើយ ដែលខ្ញុំមិនអាចចូលរៀននៅមហាវិទ្យាល័យបាន។ ខ្ញុំពិតជាចង់ទៅរៀននៅសាកលវិទ្យាល័យ ហើយក្លាយជាបញ្ញវន្ត”។
ក្នុងរយៈពេលបួនទសវត្សរ៍កន្លងមកនេះ អ្នកស្រុកស៊ីឈ័នរូបនេះបានប្រឡងកាវកៅ ២៦ ដងមកហើយ ប៉ុន្តែបានបរាជ័យជាបន្តបន្ទាប់ក្នុងការទទួលបានលទ្ធផលដែលទាមទារដើម្បីបញ្ជូនគាត់ទៅរៀននៅសាកលវិទ្យាល័យដែលគាត់បានសម្រាំង។
គាត់បាននិយាយដោយមោទនភាពចំពោះឈ្មោះហៅក្រៅដែលសារព័ត៌មានបានចម្អកឱ្យគាត់ យ៉ាងដូច្នេះថា “ពួកគេហៅខ្ញុំថាអ្នកតស៊ូកាវកៅ”។
សម្រាប់សិស្សវិទ្យាល័យ លទ្ធផលកាវកៅដ៏ល្អមួយអាចសម្រេចអំពីគន្លងជីវិតរបស់បុគ្គលម្នាក់នោះ ព្រោះសញ្ញាបត្រពីសាកលវិទ្យាល័យលំដាប់កំពូលនឹងផ្តល់នូវការគោរព ឋានៈ និងឱកាសការងារប្រសើរឡើង។
លោកលៀងបានប្រឡងជាលើកដំបូងក្នុងឆ្នាំ ១៩៨៣ ពេលគាត់មានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ។
គាត់បានបន្តព្យាយាមបង្កើនពិន្ទុរបស់គាត់សម្រាប់ទសវត្សរ៍បន្ទាប់រហូតដល់គាត់ត្រូវបោះបង់ចោលការខំប្រឹងប្រែងនេះក្នុងឆ្នាំ ១៩៩២ ដោយសារតែការប្រឡងនៅពេលនោះត្រូវបានកម្រិតចំពោះអ្នកនៅលីវ ដែលមានអាយុក្រោម ២៥ ឆ្នាំ។
គ្រាន់តែការរឹតត្បិតនេះត្រូវបានដកចេញភ្លាមក្នុងឆ្នាំ ២០០១ បំណងប្រាថ្នារបស់លោកលៀងសម្រាប់ការអប់រំនៅមហាវិទ្យាល័យដ៏មានកិត្យានុភាពត្រូវបានចាប់ផ្តើមឡើងវិញ។
ចាប់តាំងពីពេលនោះមកគាត់បានប្រឡងកាវកៅ ១៦ ដងទៀត រាប់បញ្ចូលគ្រប់ឆ្នាំចាប់តាំងពីឆ្នាំ ២០១០ មក សូម្បីតែនៅពេលដែលការរឹតត្បិតទប់ស្កាត់កូវីដដ៏អាក្រក់បានធ្វើឱ្យការប្រឡងមានបញ្ហាច្រើនជាងធម្មតាក៏ដោយ។
លើអនឡាញ អ្នកខ្លះបានចោទសួរថាតើការដាក់ចិត្តប្រឡងរបស់គាត់គ្រាន់តែជាការសម្តែងដើម្បីជាចំណាប់អារម្មណ៍សាធារណៈ។
លោកលៀងបានឆ្លើយតបវិញថា “ធ្វើចឹងដើម្បីអ្វី? គ្មាននរណាម្នាក់ដែលមានស្មារតីត្រឹមត្រូវនឹងចំណាយពេលរាប់ទសវត្សរ៍ដើម្បីប្រឡងកាវកៅសម្រាប់ការសម្តែងនោះឡើយ”។
លោកបានបញ្ជាក់បែបកំប្លែងថា គាត់ត្រូវបោះបង់ចោលការផឹកស្រានិងការលេងបៀម៉ាចុងក្នុងអំឡុងពេលត្រៀមខ្លួនប្រឡង៕
លោក លៀង ស៊ី មកប្រឡងចូលសាកលវិទ្យាល័យកាលពីព្រឹកថ្ងៃពុធនេះ