ដោយៈប.ខុន/ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃទី៧ខែមិថុនាបានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែ ប្រវែងជាង ១២ គីឡូម៉ែត្រ ដោយចំណាយទឹកប្រាក់ជាង ២លានដុល្លារ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំងមានប្រសាសន៍នៅក្នុងឱកាសខាងលើថា ផ្លូវនេះជាគម្រោងរបស់រាជរដ្ឋាភិបាល ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank­AIIB) ។ ការសាងសង់ផ្លូវនេះ នឹងប្រើរយៈពេល ១២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ដំណាច់ខែ ឧសភា ឆ្នាំ២០២៤ ដែលទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន C.NO Construction & Investment Co., Ltd ក្នុងទឹកប្រាក់ចំនួន ២.២៥៤.៦៧៤ដុល្លារ។

លោករដ្ឋមន្រ្ដីថ្លែងបន្តទៀតថា នេះជាចំណងដៃថ្មីបន្ថែមទៀត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀតនៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ ពិសេសស្តារជីវភាពរស់នៅរបស់ប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង បន្ទាប់ពីកម្ពុជាបាន និងកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងបានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ដែលប្រៀមដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជាមូលដ្ឋានគ្រឺះជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជននៅជនបទ ។

នៅក្នុងឱកាសនេះលោករដ្ឋមន្ត្រី បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ឱ្យត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រ សម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

តាមរបាយការណ៍ផ្លូវដែលបើកការដ្ឋានសាងសង់នៅពេលនេះ មានប្រវែងសរុប ១២.៣៣០ម៉ែត្រ ក្នុងនោះប្រវែង ១០.០២៦ ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីជាន់ DBST និង ប្រវែង២០.០០៧ម៉ែត្រ ជាប្រភេទផ្លូវប៉េតុង មានទទឹងប្រវែង៨ ម៉ែត្រ សាងសង់លូប្រអប់ ២ កន្លែង លូមូលកាត់ទទឹងផ្លូវ ២៣កន្លែង និងលូមូលកាត់ផ្លូវបំបែក ២០ កន្លែង បំពាក់ស្លាក សញ្ញាសុវត្ថិភាព តាមបណ្តោយខ្សែផ្លូវ ស្លាក សញ្ញាចរាចរណ៍ ចំនួន ៨៧ កន្លែង គំនូសតាមអ័ក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ចំនួន ៣ កន្លែង។
រំលឹកឱ្យដឹងថាគម្រោង NRRPCP នឹងស្ថាបនាផ្លូវប្រវែងសរុប ២៣៥ គីឡូម៉ែត្រតាមផែនការ ក្នុងនោះផ្លូវក្រាលកៅស៊ូមានប្រវែង ១៨៥ គីឡូម៉ែត្រនិងផ្លូវបេតុងប្រវែង ៥០ គីឡូម៉ែត្រសាងសង់ស្រះសហគមន៍ចំនួន ១៥០ ស្រះ ក្នុងខេត្តគោលដៅទាំង៥ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន និងខេត្តកោះកុង ។ គម្រោងនេះ ចាប់ផ្ដើមអនុវត្តពី ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ ដែលមានថវិកាសរុបចំនួន ៦៧ លានដុល្លារ ដែលក្នុងនោះ ថវិកាចំនួន ៦០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគាAIIB និង ៧,៥ លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕ P / N