ដោយ:ភ្នំខៀវ / បាត់ដំបង៖ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលផ្ទៃដីព្រំប្រទល់តំបន់បឹងទន្លេសាប និងកាត់ឆ្វៀលដីព្រៃលិចទឹកក្នុង​ភូមិសាស្ត្រ​ស្រុកសង្កែជំហានចំពោះមុខជាង ៤៣ម៉ឺនហិកតាផ្តល់ឱ្យប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផល។

មន្ត្រីរដ្ឋបាលសាលាខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣នេះថា នាដើមសប្តាហ៍កន្លងមកនេះលោក សុខ លូ អភិបាលខេត្តបាត់ដំបងរួមជាមួយក្រុមការងារជំនាញបានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ និងការកែសម្រួលផ្ទៃដីតំបន់ ៣ ជំហានបន្ទាប់ក្នុងភូមិសាស្ត្រឃុំចំនួនពីររបស់ស្រុកសង្កែជាប់បឹងទន្លេសាប។

ប្រភពព័ត៌មានទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ចុងក្រោយថា ក្នុងភូមិសាស្ត្រស្រុកឯកភ្នំមាន ប្រជាពលរដ្ឋ​កំពុងអាស្រ័យផលធ្វើស្រែចម្ការលើផ្ទៃដីតំបន់៣មានចំនួនប្រាំឃុំ។ ដោយយោងតាមអនុក្រឹត្យលេខ ៩០ អនក្រ.បក រដ្ឋាភិបាល បាន​សម្រេចកាត់ឆ្វៀល និងកែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាបពីភូមិសាស្ត្រដីតំបន់ ៣ មកជាដីតំបន់ ២ មានទំហំ១៣៦៣.៩០ ហិកតា មានពលរដ្ឋរស់នៅចំនួន ៤៩០ គ្រួសារ ។ដោយឡែកការកាត់ឆ្វៀលដីតំបន់ ៣ មកជាតំបន់ ១ មានផ្ទៃដីទំហំ ១៣៥០.០៣ហិកតា មានពលរដ្ឋរស់នៅចំនួន ២.៩៩៥ គ្រួសារ និងកាត់ឆ្វៀលដីតំបន់ ២ មកជាតំបន់ ១ មានផ្ទៃដីទំហំ ១៦៤០.១៥ ហិកតា ស្មើ ៨៦៧​គ្រួសារជាប្រជាពលរដ្ឋរស់នៅនៃផ្ទៃដីរួមសរុបចំនួន ៤៣៥.៤០៨ហិកតា។

ក្នុងចំណោមផ្ទៃដីព្រៃលិចទឹកទាំងប្រាំឃុំ ក្នុងស្រុកសង្កែ មន្ត្រីជំនាញបន្តផែនការកែសម្រួលកាត់ឆ្វៀលតំបន់ព្រៃលិចទឹកដំណាក់កាល​ជាក់​ស្តែងចំពោះមុខអនុវត្តបានចំនួនពីរឃុំបន្ត គឺឃុំកោះជីវាំង និងឃុំព្រៃចាស់ ក្នុងនោះឃុំកោះជីវាំង បានកាត់ឆ្វៀលផ្ទៃដីពីតំបន់ ៣ មកជាតំបន់ ២ចំនួន៣១២.៥២ហិកតា, កាត់ឆ្វៀលពីដីតំបន់ ៣ មកជាតំបន់ ១ទំហំ៥៨៩.២៩ហិកតា និងឃុំព្រៃចាស់ បានកាត់ចេញពីតំបន់ ៣មកជាតំបន់ ១សរុបចំនួន ៧៦០.៧៤ហិកតា ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋជិតបីម៉ឺនគ្រួសារ។

ប្រជាពលរដ្ឋបានបង្ហាញក្តីរីករាយត្រេកអរ និងដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។

សូមជម្រាបថា ក្នុងខេត្តបាត់ដំបងមានភូមិសាស្រ្ដតំបន់ព្រៃលិចទឹកជាច្រើនហិកតា ឋិតក្នុងស្រុកចំនួនបួនគឺស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី៕សរន / N