ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ : ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជាឈ្នះមេដាយប្រាក់ លើវិញ្ញាសា ៥ទល់៥ ក្រោយចាញ់ថៃ ដោយលទ្ធផល២៦ទល់៦៦នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។


សូមបញ្ជាក់ថាសម្រាប់បាល់បោះរទេះនេះលើវិញ្ញាសា៣នាក់ទល់៣នាក់កម្ពុជាបានទទួលមេដាយមាស១គ្រឿងរួចហើយដោយយកឈ្នះក្រុមថៃនៅវគ្គផ្ដាច់ព្រ័ត្រ។
ចំពោះប្រភេទកីឡាអត្តពលកម្មវិញកីឡាករជនពិការកម្ពុជាជឹមផានបានឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រក្នុងប្រភេទពិការT46។
សូមបញ្ចាក់ថានេះជាមេដាយប្រាក់ទី២ហើយរបស់កីឡាករជឹម ផានដែលមេដាយប្រាក់ទី១ដណ្ដើមបានលើវិញ្ញាសារត់៨០០ម៉ែត្រក្នុងប្រភេទពិការT46។
ប្រភេទកីឡាអត្តពលកម្មនេះដែរកីឡាករជនពិការកម្ពុជាឈុនពន់ប្រជែងបានឈ្នះមេដាយសំរឹទ្ធប្រភេទកីឡាប៉ារ៉ាអត្តពលកម្មវិញ្ញាសាប្រណាំងកង់រទេះចម្ងាយ២០០ម៉ែត្រក្នុងប្រភេទពិការ T53។
នេះក៏ជាមេដាយទី២របស់ឈុន ពន់ដែរដែលមេដាយទី១ជាមេដាយសំរិទ្ធប្រជែងបានលើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រក្នុងប្រភេទពិការT53។
ចំពោះកីឡាករ វ៉ាន់ សុចិនបានឈ្នះមេដាយមាសប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម វិញ្ញាសាលោតកម្ពស់ ក្នុងប្រភេទពិការT46 ។
ចំពោះប្រភេទកីឡាបាល់ទះអង្គុយបុរសវិញ ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា ចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ២ទល់៣សិតមុននេះបន្តិច។
ជាមួយនឹងការចាញ់នេះក្រុមបាល់ទះអង្គុយកម្ពុជាត្រូវជួបជាមួយក្រុមមីយ៉ាន់ម៉ាដណ្ដើមមេដាយសំរិទ្ធឯឥណ្ឌូនេស៊ីត្រូវតតល់ជាមួយថៃដណ្ដើមមេដាយមាស៕ P / N