ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃទីមួយ នៃដំណើរទស្សនកិច្ចរបស់ ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទ ក្នុងតំបន់ រមណីយដ្ឋានអង្គរ។
ប្រភពព័ត៍មានពីអាជ្ញាធរអប្សរា បាននិយាយថា ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោម តាមអនុសាសន៍ ដែលដាក់ដោយគណៈកម្មាធិការ អន្ដរជាតិ អាយស៊ីស៊ី-អង្គរ។
នៅថ្ងៃនេះ ក្រុមអ្នកជំនាញការអន្ដរជាតិ ដែលមានគ្នាសរុប ៦នាក់ និងថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិ អប្សរា បានចុះពិនិត្យការងារ នៅប្រាសាទគោកពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូរ។
នៅថ្ងៃដដែល ក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ បានចុះទៅ មើល ការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។
សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទ នៅពេលនេះ មានរយៈពេល ប្រមាណមួយសប្ដាហ៍ ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើន ក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះជាការងារដែលក្រុមអ្នកជំនាញការ អាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេល ពីរដង ក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេស លើកទី៣៧ របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី ១២-១៣ ខែមិថុនា ខាងមុខនេះ៕ V / N