ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល បានបញ្ជាក់ថាៈ ក្រៅពីការបង្ហាញឱ្យឃើញ អំពីការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ តាមរយៈការប្រើប្រាស់សិទ្ធិ លើសន្លឹកឆ្នោត, លទ្ធផលជោគជ័យ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ គឺជាសក្ខីភាពនៃការគាំទ្រ គណបក្សប្រជាជនកម្ពុជា និងការផ្តល់នូវទំនុកចិត្ត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តបម្រើ និងដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ។

ការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នេះ បានធ្វើឡើងក្នុងពិធីប្រកាស សមាសភាព និងសំណេះសំណាលជាមួយ ក្រុមការងារយុវជន គណបក្សប្រជាជន កម្ពុជាខេត្តកំពត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុង ឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ ជាបន្តបន្ទាប់ ប៉ុន្តែមិនមានការផ្លាស់ប្តូរបុព្វហេតុនោះទេ គឺក្នុងគ្រប់កាលៈទេសៈទាំងអស់ តែងបានខិតខំបម្រើ ផលប្រយោជន៍ជាតិ និងប្រជាជន ឱ្យបានកាន់តែល្អប្រសើរ។ អង្គការចាត់តាំងយុវជនបក្ស ក៏ដូចជា គ្រប់សមាជិក- សមាជិកាបក្សទាំងអស់ គឺជាកម្លាំងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឱ្យសម្រេចបានតាមផែនការ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, គណបក្សប្រជាជន កម្ពុជា ប្តេជ្ញាការពារសមិទ្ធផល ដែលកំពុងមានបច្ចុប្បន្ន ហើយបន្តខិតខំជំរុញអភិវឌ្ឍ បន្ថែមទៀត តាមផែនការដែលបានគ្រោងទុក ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមាន ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដោយយកកិច្ចការពារសន្តិភាពជាគោល ដើម្បីថែរក្សា ឱកាសនៃការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថាៈ យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការ សំខាន់ ៣ ដែលត្រូវបំពេញ គឺ៖ ទី១.​ ត្រូវថែរក្សាឱ្យបាននូវរាល់សមិទ្ធផល ដែលយុវជន ជំនាន់រៀមច្បងបានកសាងឡើង, ទី២. ត្រូវខិតខំពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត សម្រាប់បន្សល់ទុកដល់យុវជនបន្តវេន ជំនាន់ក្រោយ និងទី៣. ត្រូវធ្វើយ៉ាងណា ឱ្យយុវជនបច្ចុប្បន្ន និងជំនាន់ក្រោយអាចបន្តស្មារតី វីរភាព និងបេសកកម្មរបស់យុវជន ជំនាន់មុន ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា ជានិច្ចនិរន្តរ៍។ មួយវិញទៀត អ្វីដែលសំខាន់ផងដែរនោះ គឺសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ និងការប្រកាន់ខ្ជាប់ នូវសីលធម៌-គុណធម៌ និងវប្បធម៌ ចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវបេះដូងគាំទ្រ ពីសំណាក់ ប្រជាពលរដ្ឋ ដែលជាអង្គបោះឆ្នោត៕ V / N