ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន សិក្សាគម្រោង ផ្លូវល្បឿនលឿន ភ្នំពេញ- សៀមរាប និង សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ច និងសង្គមកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើបែបនេះទៅកាន់លោក ទូ ហ្វី (DU Fei ) ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន នៅក្នុងជំនួប នាល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹង បន្ទាប់ពីជំនួបនោះថាៈ លោក ទូ ហ្វី បានគោរពជំរាបអរគុណ ជូនសម្ដេចតេជោ ដែលបានផ្ដល់កិត្តិយសអញ្ជើញ ជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងអនុញ្ញាតឲ្យក្រុមហ៊ុន ចុះហត្ថលេខាក្នុងក្របខ័ណ្ឌ សិក្សាគម្រោងផ្លូវ ល្បឿនលឿន ភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត ។
ឆ្លៀតឱកាសនោះ លោក ទូ ហ្វី បានប្ដេជ្ញាចិត្តថា ក្រុមហ៊ុន នឹងជំរុញការសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-បាវិត ឲ្យបានលឿន ដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នក បច្ចេកទេស មកជួយធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការរីករាយជាមួយ វត្តមានរបស់ក្រុម ហ៊ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល ២០ ឆ្នាំមកហើយ, ហើយបានចូលរួម ចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើន ជាពិសេសថ្មីៗនេះ បានសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ ។
សម្ដេចតេជោ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ច និងសង្គមកម្ពុជា ៕ V / N