ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនចំនួន៣១នាក់បានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនជឿនលឿន ដូចពេលសព្វថ្ងៃនេះ។
ពួកគាត់ទាំង៣១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ និងលោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃ្តយ៍គណបក្សរាជធានី ភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការសម្រេចចិត្តរបស់បងប្អូន គឺពិតជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយបងប្អូនបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ។ យើងដាច់ខាតត្រូវការពារសន្តិភាពអោយបានគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ ។ មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេសអោយរីកចម្រើនជឿនលឿនបាន។ លោកឃួង ស្រេង បានសូមអោយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង៣១រូប ជួយផ្សព្វផ្សាយអំពីអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា ដោយលោកបញ្ជាក់ថា មិនបាច់ឃោសនាអីច្រើនទេ គឺសុំនិយាយតែការពិតដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺគ្រប់គ្រាន់ហើយ និងសូមអោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា ២០២៣ខាងមុខនេះ ។
គួរបញ្ជាក់ថា៖ សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនចំនួន៣១នាក់ ដែលស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ មកពី៤ខណ្ឌ គឺខណ្ឌចំការមន ៧មករា ឬស្សីកែវ និងខណ្ឌកំបូល៕/R