ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ស្អែក សម្តេចអគ្តមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៥ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះ សំណាល នឹងធ្វើឡើង នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក អិុត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថាៈ សម្រាប់ជំនួបនៅថ្ងៃស្អែក មានកម្មករ​កម្មការិនី ចូលរួមសរុបចំនួន ១៨.០៩៥ នាក់ មកពីរោងចក្រ សហគ្រា​ស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថាៈ រោងចក្រ សហគ្រាសទាំង៥ ជាប្រភេទរោង​ចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើង ចំនួន១ ។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។

នៅឆ្នាំ២០២៣ នេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាស ចំនួន ១៧៣ មាន កម្មករ​និយោ​ជិត​ជាង ៥ ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរ ចំនួន​២០ មានកម្មករ និយោជិត​សរុបជាង ៤៧.០០០ នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍ​រោងចក្រ សហគ្រាសច្រើន។

សូមរំលឹកថា កាលដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ បានចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិត ចំនួន ៧៧ លើក ដែលមានកម្មករ និយោជិត​ចំនួនប្រមាណ ១ លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិអត្ថប្រយោ​ជ​ន៍ និងកិច្ចគាំពារសង្គម យ៉ាងច្រើន ដល់បងប្អូនកម្មករ និយោជិត ហើយដែលក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័ន អនុវត្តបានជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនី ជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជំនួបថ្ងៃស្អែក​គឺជាជំនួបលើកទី៦ ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ៦លើកនេះ មានកម្មករ និយោជិត សរុបប្រមាណ ១១៣.០០០ នាក់។ សម្តេចតេជោ គ្រោងជួបចំនួន ១៣ លើកទៀត ដែលនឹងជួបកម្មករ និយោជិត សរុបប្រមាណជាង ២២ ម៉ឺននាក់ទៀត។

សម្ដេចតេជោបានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាលភាព​ដល់​កម្មការិនី ដែលមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ៕ V / N