ដោយៈ គង់ហេង / កំពង់ចាម ៖ គម្រោងផ្លូវក្រាលកៅស៊ូ ចម្ងាយជាង ប្រាំមួយ គីឡូម៉ែត្រ ចូលទៅកាន់វត្តភ្នំព្រះវិហារ ដែលស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ នឹងចាប់ផ្តើមបើកការដ្ឋានស្ថាបនា នៅក្នុងរង្វង់ខែមិថុនា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខ ។ នេះបើតាមការប្រកាសឱ្យដឹងរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនេះ ក្នុងពិធីចែកអំណោយ មនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ៧ មិថុនានេះ។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ប្រជាពលរដ្ឋជនងាយរងគ្រោះ និងមាន ជីវភាពខ្វះខាត មកទទួលអំណោយ ទាំងចំនួន ២០០ គ្រួសារថាៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឯកភាពលើសំណើសុំបិណ្ឌបាត ផ្លូវក្រាលកៅស៊ូ ចូលមកកាន់វត្តនេះ ចម្ងាយជាង ៦.០០០ ម៉ែត្រ របស់សង្ឃជាចៅអធិការវត្តភ្នំព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង នេះហើយ។ ពិសេសយើងបានបំពេញនីតិវិធី នៃការដេញថ្លៃ បានចប់សព្វគ្រប់រួចរាល់។
លោកប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានបន្តថាៈ អីចឹង យើងកំណត់ពីរសប្តាហ៍ទៀតនេះ នឹងនិមន្តសង្ឃ ដើម្បីបើកការដ្ឋាន និងប្រជាពលរដ្ឋ មានវត្តមាន នាឱកាសនេះ ចូលរួមជាសាក្សី នៃការសាងសង់ផ្លូវកៅស៊ូ ចម្ងាយជាង ៦.០០០ ម៉ែត្រ ចូលវត្តភ្នំព្រះវិហារនេះ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ២០០ គ្រួសារ , ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គ.ក្រ , ទឹកត្រីមួយយួរ, មីជាតិមួយកេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់ និងថវិកា ៣០.០០០ រៀល ។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា និងប្រតិភូ ក៏បានអញ្ជើញប្រគេនព្រះអនុគណ និង ព្រះចៅអធិការវត្តភ្នំវិហារ នូវអង្ករ ១០០ គក្រ- មីបួនកេស- ត្រីខ ៤យួរ – ទឹកសុទ្ធពីរ កេស និងបច្ច័យមួយចំនួន ៕ V / N