ដោយៈ សុក្ខារិន / ពោធិសាត់ៈ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ និងទទួលថវិកា ពីព្រះសង្ឃ មន្ទីរ អង្គភាព និងសប្បុរសជន ក្នុងជំហានទី២ បានជាង ៣ ម៉ឺនដុល្លារអាមេរិក ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ដល់ប្រជាពលរដ្ឋ ជួបការលំបាក និងដោយរងគ្រោះធម្មជាតិផ្សេងៗ។

ពិធីនេះ បានប្រព្រឹត្តទៅ នៅថ្ងៃទី៧ មិថុនា ២០២៣ នៅស្នាក់ការសាខាខេត្ត ក្នុងពិធីអបអរសាទរខួប លើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ៨ឧសភា ដោយឆ្នាំនេះ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហម​កម្ពុជា ដើម្បីបរិយាបន្នសង្គម» ។

លោក ខូយ រីដា បានលើកឡើងថាៈ ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធាន «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ឃើញថា ព្រះមន្ត្រីសង្ឃខេត្ត ស្រុក ក្រុង និងតាមមន្ទីរ អង្គភាព អាជីវករ និងសប្បុរសជន ទាំងក្នុងនិងក្រៅខេត្ត បានចូលរួមបរិច្ឆាគថវិកាផ្ទាល់ខ្លួន ទៅតាមលទ្ធភាព ដើម្បីសាខាមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។

លោកបានថ្លែង ដោយសន្យាថា យកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយ ទ្រទ្រង់សកម្មភាពសេវាមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ​ឱ្យបានទាន់ពេលវេលា ស្របទៅតាម គោលការណ៍ច្បាស់លាស់ និងចំគោលដៅ ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។

មន្ទីរអង្គភាព និងសប្បុរសជន ចូលរួមឧបត្ថម្ភថវិកា ក្នុងជំហានទី២នេះ បានចំនួន ៣០.១២៥ ដុល្លារ ក្នុងនោះ តាមរយៈលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកត្តិយសសាខា ចំនួន ២ ម៉ឺនដុល្លារ ព្រះមេគណខេត្ត ព្រះអនុគណស្រុក ក្រុង ចំនួនជាង ២.០០០ ដុល្លារ ព្រមទាំងស្បៀង និងសម្ភារៈមួយចំនួនធំ លោកស្រី យឹម ណារ៉េត ប្រធានក្រុមហ៊ុនណារ៉េត លីមីតធីត អភិវឌ្ឍន៍អគ្គិសនី ចំនួន ២.២០០ ដុល្លារ ព្រមទាំងមន្ទីរ អង្គភាព ជុំវិញខេត្ត និងសប្បុរសជន ជាច្រើននាក់ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សកម្មភាព សប្បុរសធម៌ របស់សាខាកាកបាទក្រហមខេត្ត។

សូបបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ២០២៣ កន្លងទៅ សាខាកាកបាទក្រហម កម្ពុជា ខេត្តពោធិសាត់ បានទទួលថវិកាក្នុងជំហានទី១ បានចំនួន ១៨.០៥០ ដុល្លារ អាមេរិក និងជំហានទី២នេះ បាន ថវិកាចំនួន ៣០.១៥២ ដុល្លារ សរុបទាំង២លើក បានចំនួន ៤៨.២០២ ដុល្លារអាមេរិក៕ V / N