​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន លោក ឌី​មីត្រូ គូ​ឡេ​បា (Dmytro Kuleba) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៧​មិថុនា​ថា​ការពិភាក្សា​អំពី​ការដោះស្រាយ​​ជម្លោះ​ជាមួយ​រុស្ស៊ី​មិនអាច​ចាប់ផ្តើម​ដោយ​គ្រាន់តែ​បញ្ឈប់​អរិភាព​នោះទេ​។​

​លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​ដែល​ផ្តោត​ទៅ​លើ​អ្នកកាសែត​អាហ្វ្រិក ក្រោយ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ថា “​ប្រសិនបើ​នរណា​ម្នាក់​គិត​ថា​ពួកគេ​គួរ​បញ្ឈប់​ជម្លោះ​ហើយ​រកមើល​វិធី​ដោះស្រាយ​នោះ ពួកគេ​មិន​យល់​ទេ​”​។​

​លោក​បាន​និយាយថា ការពិគ្រោះ​យោបល់​និង​ការប៉ុនប៉ង​ជាង ១០០ ជុំ​នៅឯ​បទ​ឈប់​បាញ់​ចាប់តាំងពី​ការ​កាត់​យកគ្រី​ម៉េ​របស់​អ៊ុយ​ក្រែន​ពី​សំណាក់​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៤​បាន​ត្រឹម​នាំទៅ​ដល់​ការ​ឈ្លាន​​ពាន​ពេញទំហឹង​លើ​អ៊ុយ​ក្រែន​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ ២០២២ ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក ស៊ី​រី​ល រ៉ា​ម៉ា​ហ្វូ​សា (Cyril Ramaphosa) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ខែ​មុន​ថា​គណៈប្រតិភូ​នៃ​ប្រមុខរដ្ឋ​អាហ្វ្រិក​មួយ​​រំពឹង​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដោយ​សង្ឃឹម​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យ​បញ្ឈប់​អរិភាព​។​

​លោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​សម្រាប់​បេសកកម្ម​នេះ​នៅឡើយ​ទេ​។​

​សំណើ​បែបនេះ​មានន័យថា ទាហាន​រុស្ស៊ី​នឹង​នៅតែ​បន្ត​ស្ថិត​នៅលើ​ទឹកដី​អ៊ុយ​ក្រែន​ដដែល បើទោះជា​ការចរចា​សន្តិ​ភាព​ចាប់ផ្តើម​ក៏ដោយ​។ កន្លងមក អ៊ុយ​ក្រែន​បាន​និយាយ​ថា​កងកម្លាំ​ង​រុស្ស៊ី​គួរតែ​ដក​​ចេញ​សិន មុន​ពេល​ការចរចា​បែបនេះ​អាច​ចាប់ផ្តើម ខណៈ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចង់ឱ្យ​រដ្ឋាភិបាល​ក្រុង​គៀវ​ទទួលស្គាល់​អធិបតេយ្យ​ភាព​រុស្ស៊ី​លើ​តំបន់​គ្រី​ម៉េ ជា​បុរេ​លក្ខខណ្ឌ​សម្រាប់​ការច​រចា​។​

​ប្រធានាធិបតី​សេណេ​ហ្គាល់ លោក ម៉ាក​គី សាល (Macky Sall) ជា​ប្រធាន​សហភាព​អាហ្វ្រិក​កាលពី​ឆ្នាំមុន បាន​ដឹកនាំ​គំនិត​ផ្តួចផ្តើម​នេះ​។ ប្រធាន​សហភាព​អាហ្វ្រិក​បច្ចុប្បន្ន លោក អូត​មែន ហ្គា​ហ្សា​លី (Othman Ghazali) ប្រធានាធិបតី​របស់​ប្រទេស​កោះកូ​ម៉ូ​រ៉ូ​ស ត្រូវ​បាន​បន្ថែម​ទៅក្នុង​គណៈប្រតិភូ​នេះ​នា​ពេល​ថ្មីៗ​នេះ​។​

​វា​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ប្រធានាធិបតី អាប់ឌែល ហ្វាត​តា អែល​ស៊ី​ស៊ី (Abdel Fattah el-Sisi) នៃ​ប្រទេស​អេ​ហ្ស៊ី​ប និង លោក ហា​កា​អ៊ី​ន​ដេ ហ៊ី​ឈី​ឡេ​ម៉ា (Hakainde Hichilema) នៃ​ប្រទេស​សំ​ប៊ី ដែល​ទាំង​ពីរ​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេចចិត្ត​អ​.​ស​.​ប និង លោក ដេ​នីស សាស​ស៊ូ អិន​ក្វេស​សូ (Denis Sassou Nguesso) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កុង​ហ្គោ និង​លោក យ៉ូ​វើរី មូសេ​វេនី (Yoweri Museveni) នៃ​ប្រទេស​អ៊ូ​ហ្គង់​ដា បាន​បោះ​អនុប្បវាទ​ទាំងពីរ​ក៏ដូចជា​អាហ្វ្រិក​ខាងត្បូង​ផងដែរ​។​

​លោក​គូ​ឡេ​បា​កំពុងបើក​យុទ្ធនាការ​បញ្ចុះបញ្ចូល​ដ៏​ទាក់ទាញ​នៅ​ទ្វីបអាហ្វ្រិក​ដើម្បី​ទទួលបាន​ការគាំទ្រ​នៅក្នុង​ទ្វីប​មួយ ដែល​ប្រទេស​ចំនួន ៣០ ក្នុងចំណោម​ប្រទេស​ចំនួន ៥៤ នៅ​អាហ្វ្រិក​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេចចិត្ត​របស់​អ​.​ស​.​ប ដែល​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​លោក​គូ​ឡេ​បាបាន​និយាយថា “​អ្វី​ដែល​យើង​ឃើញ​នៅក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្វីប​នេះ​នាពេលនេះ​គឺ​សម​នឹង​ហៅ​ថា​ការ​រស់​ឡើងវិញ​នៃ​ទំនាក់ទំនង​អ៊ុ​យក្រែន​-​អាហ្វ្រិក​”​។​

​លោក​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​អ្វី​ដែល​បេសកកម្ម​សន្តិភាព​អាហ្វ្រិក​នឹង​បង្ហាញ​នោះទេ ប៉ុន្តែ​លោក​បាន​ស្វាគមន៍​វា​។​

​លោក​បាន​បន្តថា “​យើង​កំពុង​ទន្ទឹងរង់ចាំ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ប្រធានាធិបតី​ទាំងនេះ​នៅ​ទីក្រុង​គៀវ​”៕

​រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន លោក ឌី​មីត្រូ គូ​ឡេ​បា