ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ គ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាតចង់អោយលោកពន្យារពេលវិលមកកាន់ប្រទេសថៃវិញបន្ទាប់ពីកូនស្រីរបស់លោកដែលជាមន្ត្រីក្នុងគណបក្សភឿថៃបានអះអាងកាលពីដើមថ្ងៃពុធថា ឪពុកខ្លួននឹងវិលមកកាន់ថៃនៅខែក្រោយ នេះបើតាមប្រព័ត៌មានទម្លាយអោយដឹង។
មុនការបោះឆ្នោតថ្ងៃ១៤ឧសភាបន្តិច លោកថាក់ស៊ីនបានសរសេរបង្ហោះថា លោកចង់វិលមកស្រុកនៅមុនថ្ងៃ២៦កក្កដា ដែលជាថ្ងៃខួបកំណើត៧៤ឆ្នាំរបស់លោក ដើម្បីបានមកមើលថែចៅៗ។
ការវិលមកស្រុកតាមគំរោងរបស់លោកត្រូវបានលើកមកពិភាក្សាក្នុងចំណោមសមាជិកគ្រួសារកាលពីថ្ងៃពុធ រួមមានលោកស្រី ឃុនយីង ផុតចាម៉ាន ណា ផូមបេត្រា(Khunying Potjaman Na Pombetjra)តតីតភរិយារបស់លោកថាក់ស៊ីន កូនស្រី ភីនតងតា(Pintongta)ស្វាមីរបស់នាងនិងលោកកូនស្រី ភែតងតាន(aetongtarn)។
ការជួបជុំគ្នាពិភាក្សានេះធ្វើឡើងក្រោយពីលោកស្រីភែតងតាន ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ បានប្រាប់សារព័ត៌មាននៅទីស្នាក់ការបក្សនៅពេលព្រឹកម្សិលមិញថា ឪពុកនាងនឹងវិលមកថៃនៅខែក្រោយនិងត្រៀមប្រឈមនឹងច្បាប់។
យោងតាមប្រភពព័ត៌មាន ថាក់ស៊ីនមិនអាចរង់ចាំបន្តបានទៀតទេ តែក្រុមគ្រួសារលោកមិនប្រាកដអំពីពេលវេលាដែលលោកត្រូវវិលមកនិងចង់អោយលោកពន្យារផែនការនេះរហូតដល់ក្រោយក្រុមចម្រុះបង្កើតរដ្ឋាភិបាលថ្មីចេញ។
ប្រភពព័ត៌មានបាននិយាយថា ក្រុមគ្រួសារនាងក៏គិតថាវាលឿនពេកសំរាប់លោកស្រីភែតងតានព្យាយាមនិងកាន់កាប់តំណែងនាយករដ្ឋមន្ត្រី ហើយថាយកល្អរង់ចាំប្រាំឆ្នាំក្រោយ។ត្រឹមអាយុ៣៧ឆ្នាំគ្រួសារគិតថាលោកស្រីនៅក្មេងពេកក្នុងការប្រឈមដោះស្រាយស្ថានភាពនយោបាយស្រុកទេស ក្នុងពេលមានបេក្ខជនសមស្របដៃទៃទៀតសំរាប់មុខតំណែងនេះ។
កាលពីព្រឹកថ្ងៃពុធ លោកស្រីភែតងតានបានប្រាប់សារព័ត៌មានថា លោកថាក់ស៊ីននឹងវិលមកស្រុកនៃខែកក្កដា តែនឹងពិនិត្យមើលកក្តាជាច្រើនមុនសំរេចកាលបរិច្ឆេទវិលមកពិតប្រាកដ។លោកស្រីបានបញ្ជាក់ថាលោកថាក់ស៊ីនមិនបានធ្វើការសម្របសម្រួលជាមួយលោកស្រីទេ តែលោកនឹងទាក់ទងជាមួយបណ្តាទីភ្នាក់ងាររដ្ឋាភិបាល។លោកនឹងប្រឈមចំណាត់ការផ្លូវច្បាប់មិនថារដ្ឋាភិបាលបក្សណាមួយកាន់អំណាចទេ។
ថាក់ស៊ីន ដែលត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០០៦ បានភៀសខ្លួនទៅរស់នៅក្រៅប្រទេសដើម្បីគេចចេញពីការចាប់ខ្លួនដាក់គុកចំពោះទោសប្រព្រឹតអំពើពុករលួយភាគច្រើនពាក់ព័ន្ធនឹងការរំលោភអំណាចដើម្បីផលប្រយោជន៍ក្រុមគ្រួសារលោកកាលពីលោកនៅជានាយករដ្ឋមន្រ្តី។
ក្នុងការកាត់ទោសកំបាំងមុខ តុលាការជាន់ខ្ពស់ថៃបានសំរេចដាក់គុកលោក១២ឆ្នាំចំពោះបទល្មើសបួនករណី៕
កាលពីខែមុនលោកថាក់ស៊ីនបានសរសេរបង្ហោះថាលោកចង់វិលមកថៃមុនថ្ងៃ២៦កក្កដាដែលជាថ្ងៃខួបកំណើតរបស់លោក ដើម្បីមកមើលថែចៅៗ