ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធបានចោទប្រកាន់អ៊ុយក្រែនថាបានបំផ្លាញទំនប់ទឹកកាខូវកា (Kakhovka)តាមការស្នើសុំពីលោកខាងលិច ក្នុងអ្វីដែលលោកហៅថាជាឧក្រិដ្ឋកម្មសង្គ្រាម “ព្រៃផ្សៃ” ដែលបង្កើនជម្លោះជាមួយរដ្ឋាភិបាលក្រុងមូស្គូ។
ទំនប់កាខូវកាសម័យសូវៀតដ៏ធំ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានបាក់កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ដោយបញ្ចេញទឹកជន់លិចពាសពេញតំបន់សមរភូមិនៅភាគខាងត្បូងអ៊ុយក្រែន។
អ៊ុយក្រែនបានបន្ទោសរុស្ស៊ីថាបានបំផ្ទុះវា។ រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបំផ្លិចបំផ្លាញទំនប់នេះដើម្បីកុំឱ្យមានការផ្គត់ផ្គង់ទឹកដល់តំបន់គ្រីម៉េនិងដើម្បីបង្វែរការចាប់អារម្មណ៍លើការវាយលុកដែលកំពុងបរាជ័យរបស់ខ្លួន។ ក្រុមមន្ត្រីដែលគាំទ្រដោយរុស្ស៊ីមួយចំនួននៅក្នុងតំបន់បាននិយាយថា ទំនប់នេះប្រហែលជាបាក់ដោយខ្លួនវា។
វិមានក្រឹមឡាំងបានស្រង់សម្តីលោកពូទីនថា “លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា តាមការស្នើសុំរបស់លោកខាងលិចដែលជាអ្នកមើលថែពួកគេអាជ្ញាធររបស់រដ្ឋាភិបាលក្រុងគៀវនៅតែហ៊ានធ្វើការភ្នាល់ដ៏គ្រោះថ្នាក់លើការបង្កើនអរិភាព ដោយប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រើវិធីសាស្ត្រភេរវកម្មដោយបើកចំហ និងរៀបចំការបំផ្លិចបំផ្លាញលើទឹកដីរុស្ស៊ី”។
លោកពូទីនត្រូវបានស្រង់សម្តីទៀតថា “ឧទាហរណ៍ច្បាស់ក្រឡែតនៃសកម្មភាពនេះគឺសកម្មភាពដ៏ព្រៃផ្សៃក្នុងការបំផ្លាញរោងចក្រថាមពលវារីអគ្គិសនីកាខូវស្កាយ៉ា (Kakhovskaya) នៅក្នុងតំបន់ឃើសុន (Kherson) ដែលនាំឱ្យមានមហន្តរាយបរិស្ថាននិងមនុស្សធម៌ដ៏ធំ”។
វិមានក្រឹមឡាំងបាននិយាយថា ការកត់សម្គាល់នេះត្រូវបានធ្វើឡើងក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីតួកគី លោក ថាយយីប អឺដូហ្គាន (Tayyip Erdogan)។ ការលើកឡើងនេះមិនបានយោងទៅលើភស្តុតាងណាមួយដើម្បីគាំទ្រការចោទប្រកាន់របស់ពូទីនទេ។
ជាមួយនឹងការបាក់ទំនប់នេះ ឥឡូវទឹកមួយចំនួនក្នុងចំណោមទឹក១៨គីឡូម៉ែត្រគូបនៃអាងស្តុកទឹកកំពុងជន់លិចតំបន់មួយចំនួននៃភាគខាងត្បូងអ៊ុយក្រែន រួមទាំងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន RIA បានស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ថា លោកពូទីនបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ន លោក អាឡិចសាន់ឌ័រ គូរិនកូវ (Alexander Kurenkov) ដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់៕
ទំនប់ទឹកកាខូវកាបាក់កាលពីព្រឹកថ្ងៃអង្គារបង្កការជន់លិចពាសពេញតំបន់សមរភូមិនៅភាគខាងត្បូងអ៊ុយក្រែន