​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លី​អូ​នែ​ល ម៉េស​ស៊ី កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា​គាត់​នឹង​ចុះហត្ថលេខា​ចូលរួម​ជាមួយ​ក្លិប Inter Miami នៃ​ក្របខណ្ឌ Major League Soccer ដោយ​ជ្រើសរើស​សហរដ្ឋ​អាម៉េរិក​ជា​ទិសដៅ​បន្ទាប់​របស់គាត់​ជាជាង​ជួបជុំគ្នា​ឡើង​វិញ​ជាមួយ Barcelona ឬ ធ្វើ​កិច្ចព្រមព្រៀង​ដ៏​ថ្លៃ​ដើម្បី​លេង​នៅ​អា​រ៉ាប៊ីសាអូឌីត​។​

​ខ្សែប្រយុទ្ធ​អា​ហ្សង់​ទីន​វ័យ ៣៥ ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ពេល​ពីរ​រដូវ​កាល​ចុងក្រោយ​នៅ​ក្លិប Paris Saint-Germain ដោយ​លេង​ការប្រកួត​ចុងក្រោយ​របស់​គាត់​សម្រាប់​ក្លិប​កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​ផ្ទេរ​ពី Barcelona ក្នុង​ឆ្នាំ ២០២១ ជា​កន្លែង​ដែល​គាត់​បាន​ចំណាយពេល​ភាគច្រើន​នៃ​អាជីព​របស់​គាត់​។​

​ម៉េស​ស៊ីបា​ននិយាយថា​គាត់​មិន​ចង់​រង់ចាំ Barcelona ស្វែងរក​រូបមន្ត​ដើម្បី​ចុះហត្ថលេខា​ទិញ​គាត់​នោះទេ បើ​ផ្អែកលើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ ពួកគេ​មិន​អាច​រក្សា​គាត់​បានទេ មុន​ពេល​គាត់​ផ្ទេរ​ទៅ PSG ដែលនាំឱ្យ​មាន​ការចាក​ចេញ​ទាំង​ទឹកភ្នែក​។​

​ក្រប​ខណ្ឌ MLS និង Inter Miami បានបញ្ជាក់​ព័ត៌មាន​នេះ​នៅលើ​បណ្តាញ​សង្គម ទោះបីជា​លី​ក​អាម៉េរិក​កត់សម្គាល់ថា “​នៅសល់​ការងារ​ដទៃ​ទៀត​ត្រូវធ្វើ​ដើម្បី​បង្ហើយ​កិច្ចព្រមព្រៀង​ផ្លូវការ​ក៏ដោយ​”​។​

​ម៉េស​ស៊ីបាន​ប្រាប់​កាសែត​អេ​ស្ប៉ា​ញ Diario Sport និង Mundo Deportivo ថា “​ខ្ញុំ​បាន​សម្រេចចិត្តថា​ខ្ញុំ​នឹង​ទៅ​ក្លិប Miami ខ្ញុំ​មិន​ទាន់​សម្រេច (​កិច្ចព្រមព្រៀង​) ១០០% ឬ​ប្រហែលជា​មាន​អ្វី​នៅ​សល់​ត្រូវធ្វើ ប៉ុន្តែ​យើង​បាន​សម្រេចចិត្ត​បន្ត​វិថី​របស់​យើង​នៅ​ទីនោះ​”​។​

“(​ខ្ញុំ​បាន​សម្រេចចិត្ត​) ចាកចេញ​ពី​អឺរ៉ុប​…​បន្ទាប់​ពី​ឈ្នះ​វើល​ខាប់​ហើយ​មិន​អាច​ត្រឡប់​ទៅ Barca វិញ​បាន វា​ដល់ពេល​ដែល​ត្រូវ​ទៅ​ក្របខណ្ឌ MLS ដើម្បី​រស់​នៅ​ជាមួយ​បាល់ទាត់​តាមរបៀប​ផ្សេង ហើយ​រីករាយ​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​ខ្ញុំ​បន្ថែមទៀត​”​។​

“​ជាក់ស្តែង​គឺ​ជាមួយ​នឹង​ទំនួល​ខុស​ត្រូវ​ដូចគ្នា​និង​បំណងប្រាថ្នា​ចង់​ឈ្នះ ហើយ​ធ្វើ​អ្វីៗ​ឱ្យបាន​ល្អ ប៉ុន្តែ​មាន​ភាពស្ងប់ស្ងាត់​ជាង​មុន​”៕

ម៉េស​ស៊ី​យល់ព្រម​ផ្ទេរ​ទៅ​ក្លិប Inter Miami របស់​អាម៉េរិក