ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្តមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាស ឲ្យកម្មករ កម្មការិនី ដែលមានពិការភាព តាមរោងចក្រ សហគ្រាស និងស្ថាប័នរដ្ឋ អាចចេញមុនម៉ោង ១៥នាទី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ “ឥឡូវ ខ្ញុំសុំប្រកាសជូនថា គ្រប់រោង ចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការ ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោង ដូចស្ត្រីមានផ្ទៃពោះដែរ ។ ខ្ញុំធ្លាប់បាននិយាយហើយ កាលពីមុននោះ ស្ត្រីមានផ្ទៃពោះ របស់យើង ត្រូវចេញពីធ្វើការមុនគេ ។ អញ្ចឹង ពេលដែលខ្ញុំ ចុះទៅតាមរោងចក្រ ក៏បានឃើញនៅសំណើហ្នឹង។ អញ្ចឹង ខ្ញុំក៏បានលើកបញ្ហាហ្នឹង ជាមួយនឹងកម្មករ។ ជាមួយនឹងម្ចាស់រោងចក្រ សូមឱ្យស្ត្រីមានផ្ទៃពោះ បានចេញមុនម៉ោង ១៥ នាទី ដើម្បីជៀសវាងនូវការប៉ះទង្គិចណាមួយដល់កូន”។
សម្តេចតេជោ បានបន្តថាៈ ឥឡូវ យើងក្តាប់បានបញ្ហានេះ សម្តេចបានបញ្ជាឲ្យលោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាស គ្រប់ទីកន្លែង នៅទូទាំងប្រទេស មិនថាតាមរោងចក្រ សហគ្រាស និងស្ថាប័នរដ្ឋ ។ ព្រោះស្ថាប័នរដ្ឋ មានកាតព្វកិច្ច យកជនពិការ ពីរភាគរយ ឲ្យចូលធ្វើការ។ អញ្ចឹងទាំង ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដែលទទួលជនពិការភាព ឲ្យចូលធ្វើការ សូមផ្ដល់ឱកាស សម្រាប់ស្ត្រីមានផ្ទៃពោះ ឲ្យបានចេញមុនម៉ោង និងសម្រាប់ជនមានពិការភាព ឱ្យបានចេញ មុនម៉ោងដូចគ្នា ដើម្បីបង្កលក្ខណៈងាយស្រួល ។
សម្តេច បានបន្តថាៈ ប្រសិនជាផ្នែករដ្ឋ រដ្ឋត្រូវផ្ដល់ម៉ោងឱ្យបានច្រើនជាងនេះ ព្រោះវាមិនមានចំនួនច្រើនប៉ុន្មានទេ ឲ្យចេញមុនម៉ោងចុះ ព្រោះបងប្អូនជនពិការ គាត់ធ្វើដំណើរយឺត ជាជាងយើងដែលជាជនមិនមានពិការភាព។
សម្តេច បានបន្តថាៈ អញ្ចឹងទេ ការដោះស្រាយនៅទីនេះ គឺយើងខិតខំរួមគ្នា ដើម្បីធ្វើយ៉ាងម៉េចធានាថា សុខភាពកម្មករ ត្រូវបានយកចិត្តទុកដាក់ ជាមួយនឹងផល ប្រយោជន៍ទាំងឡាយដែលក្មួយៗគប្បីត្រូវបានទទួលការងារធ្វើ ។ សម្តេចបន្តថាម្ខាងវាជាសេដ្ឋកិច្ចរួមរបស់ជាតិ ម្ខាងដំបូងកុំភ្លេចថាវាជាផលប្រយោជន៍ផ្ទា ល់របស់ក្មួយៗកម្មករកម្មការិនីដែលទទួលបានការងារធ្វើនោះឯង ។
សម្តេចនៅតែបញ្ជាក់ថាៈ រាជរដ្ឋានភិបាល នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ជាផ្លូវថ្នល់ ជាកំពង់ផែ ជាអគ្គិសនី ជាព្រលានយន្តហោះ ដើម្បីទាក់ទាញវិនិយោគ ទុន ឲ្យកាន់តែច្រើន សម្រាប់អភិវឌ្ឍន៍ប្រ ទេស និងដោះស្រាយការងារធ្វើ សម្រាប់កម្មករ កម្មការិនីរបស់យើង ។
ប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជិត ២០.០០០ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ ៕ V / N