ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ អ្នកគាំទ្រក្រុមញញួរធំ West Ham បានប៉ះទង្គិចជាមួយប៉ូលិសកុបកម្មនៅទីក្រុងប្រាក បន្ទាប់ពីដុតកាំជ្រួចផ្សែងភ្លើងនៅពេលពួកគេអបអរការឈ្នះពាន Europa Conference League កាលពីយប់ថ្ងៃពុធ។
អ្នកគាំទ្របានសម្រុកដើរតាមដងផ្លូវនៃរដ្ឋធានីឆែកបន្ទាប់ពីការទទួលជ័យជម្នះរបស់ក្រុមញញួរធំលើក្រុម Fiorentina ដោយមានមនុស្សជាច្រើនស្ថិតនៅកណ្តាលទីក្រុងរួចជាស្រេច បន្ទាប់ពីអ្នកគាំទ្ររាប់ពាន់នាក់បានធ្វើដំណើរពីចក្រភពអង់គ្លេសដោយគ្មានសំបុត្រ។
ប៉ុន្តែជម្លោះមួយបានកើតឡើងបន្ទាប់ពីមន្ត្រីប៉ូលិសបានព្យាយាមរឹបអូសកាំជ្រួចផ្សែងភ្លើង ខណៈអ្នកគាំទ្របានប្រមូលផ្តុំគ្នានៅតំបន់អូលថោន (Old Town) នៃទីក្រុង។
ប៉ូលិសកុបកម្មបានបង្ក្រាបក្រុមមួយ បន្ទាប់ពីពួកគេបានដុតកាំជ្រួចផ្សែងភ្លើងជាលើកទីពីរ ដោយអ្នកគាំទ្រឆ្លើយតបដោយការគប់ដបនិងកាំជ្រួចដាក់ប៉ូលិស។
កាលពីព្រឹកថ្ងៃពុធ ប៉ូលិសឆែកបាននិយាយថា ពួកគេបានឃុំខ្លួនអ្នកគាំទ្រជនជាតិអ៊ីតាលីយ៉ាងតិច ១៦ នាក់ បន្ទាប់ពីពួកគេបានវាយប្រហារអ្នកគាំទ្រក្រុម West Ham នៅខាងក្រៅបារមួយ ដោយវីដេអូចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញការគប់កៅអីនិងកាំជ្រួច។
ការប្រារព្ធពិធីអបអរដំបូងឡើយមានលក្ខណៈល្អ បន្ទាប់ពីការប្រកួត ដោយអ្នកចូលរួមបានឱបថើបគ្នានិងរាំនៅលើតុក្នុងបារ។
គួរបញ្ជាក់ថា ជ័យជម្នះ ២-១ របស់ West Ham លើ Fiorentina បានជួយក្លិបញញួរធំឈ្នះពានជាលើកដំបូងក្នុងរយៈពេលជាង ៤០ ឆ្នាំ៕
អ្នកគាំទ្រឈ្នះពាន Europa Conference League កាលពីយប់ថ្ងៃពុធ