ដោយៈ .ជ័យ / បន្ទាយមានជ័យៈ អ្នកភូមិព្រៃឫស្សី ក៏ដូចជាអ្នកស្រុក ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានត្រេកអរជាខ្លាំងនៅពេលបានផ្លូវខ្លី១ខ្សែ ត្រូវបានប្តូរពីក្រាល ក្រួសនិងថ្មមិច ទៅជាផ្លូវបេតុង និងជាពិសេស អ្នកម្ចាស់ដីធំតូច នៅប្លុកនោះ កាន់តែអរជាងនេះ ដោយបានស្ពានវែងចំនួន២ ឆ្លងកាត់ស្ទឹងសិរីសោភ័ណ ប៉ែកខាងកើត និង ឦសាន។

ប្រជាពលរដ្ឋ និងម្ចាស់ដីធំ តូច បញ្ចេញប្រតិកម្មវិជ្ជមានដូច្នេះ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ពេលផ្លូវលំក្រាលក្រួសនិងកម្ទេចថ្មប្តូរអភិវឌ្ឍន៍ទៅជាផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង ៩២០ ម៉ែត្រ ស្ថិតក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ គឺដើម្បីធ្វើឱ្យប្រសើរឡើងផ្លូវក្នុងភូមិ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែក្រោយ (ខែកក្កដា ឆ្នាំ២០២៣)

នាពេលនោះ លោក អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យនិងបេីកដំណេីរការ សាងសង់ផ្លូវបេតុងសម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រេីប្រាស់លើ ការធ្វើដំណើរ និងដឹកជញ្ជូន

ចំណែកលោក ហ៊ឹល  រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុម ការងារខេត្ត ចុះជួយក្រុងសិរីសោភ័ណ និងលោក ស្រេង សុផល អភិបាលក្រុងសិរី សោភ័ណ បានឱ្យដឹងដែរថាៈ ក្នុងនាមអាជ្ញាធរដែនដី សមត្ថកិច្ចមូលដ្ឋាន និង ប្រជាពលរដ្ឋសូមថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់អំណោយ ស្ពានបេតុងថ្មី ចំនួន២ តាមរយៈលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ រួមមាន៖  ស្ពានបេតុងពីភូមិព្រះពន្លា តភ្ជាប់ទៅភូមិចក (ក្រវាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) កំពុងដំណើរការសាងសង់ និង២ពីភូមិព្រៃឫស្សី តភ្ជាប់មកភូមិ៣ ភូមិ៤ សង្កាត់ព្រះពន្លា (ផ្លូវជាតិលេខ៥) ស្ពាននីមួយៗ មានប្រវែងចន្លោះពី ៩០ ទៅ ១២០ ម៉ែត្រ និងទទឺង ម៉ែត្រ ក្នុងនោះ ស្ពានថ្មព្រះពន្លា ត្រូវសង់ជំនួសស្ពានឈើ វត្តព្រះពន្លា ដែលបានសាងសង់ឡើងវិញ នៅឆ្នាំ១៩៩៤  តែបានបាក់ដួលរលំខូចខាតដោយទឹកជំនន់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កន្លងមក

តាមពិត ស្ពានវត្តព្រះពន្លានេះ ព្រះសង្ឃ គណៈ:កម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទ ក៏បានផ្តួចផ្តើមកសាងឡើងវិញ ដោយប្រើកម្លាំងសទ្ធាជ្រះថ្លា និងជំនួយសប្បុរស តាមលទ្ធភាពធនធានថវិកា សម្ភារ: និងរយៈពេលយូរ ឬឆាប់ ដូចដែលវត្តមួយចំនួន បានសាងសង់ស្ពានឆ្លងអូរ ស្ទឹង កន្លងមក ប៉ុន្តែអាជ្ញាធរ មិនអនុញ្ញាត

ទោះជាយ៉ាងណា នៅពេលបន្ទាប់មក អាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានសិក្សាត្រួសៗ រួចបានដាក់សំណើទៅថ្នាក់លើនូវការសាងសង់ស្ពានបេតុង ដល់ទៅ២ កន្លែង គឺស្ពានបេតុង វត្តព្រះពន្លានេះ និងស្ពានបេតុង ភូមិព្រះពន្លាភូមិចក ក្បែរខាងគ្នានោះដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវវាង ក្រុងប៉ែកខាងកើត ភ្ជាប់ផ្លូវជាតិលេខ៥ និង ផ្លូវជាតិលេខ៦ សំណើរនេះ  ទទួលបានការឆ្លើយតប គឺជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

ក្នុងនោះ ស្ពានវត្តព្រះពន្លា ត្រូវសាងសង់ដោយកងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ហើយគ្រោងសាងសង់ តាំងពីមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ឯស្ពានថ្មព្រះពន្លាចក ដែលពុំធ្លាប់មាន ឬត្រូវអភិវឌ្ឍន៍ថ្មី  នឹងស្ថាបនា នៅពេលបន្ទាប់ ដោយអាជ្ញាធរ និងមន្ទីរសាធារណការ និងដឹកជញ្ជូន

ប៉ុន្តែ ក្នុងទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ឆ្នាំទៅមិញ នៅអាងទឹកត្រពាំងថ្ម ស្រុកភ្នំស្រុក សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ូន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច បានប្រកាសផ្តល់អំណោយស្ពានថ្ម វត្តព្រះពន្លា និងស្ពានថ្មព្រះពន្លាចក ដែលត្រូវសាងសង់ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានកងវិស្វកម្មកងទ័ព ជាអ្នកធ្វើ

ក្រោយពីបានសិក្សា និងលេីកគម្រោងរួចមក  ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើម អនុវត្តន៍គម្រោង ដោយដាក់គ្រឿងចក្រ និងសំភារៈសាងសង់ស្ពានថ្មថ្មី ទាំង២

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៧ ខែមិថុនាថា: ផ្លូវ ជាពិសេសស្ពានបេតុងទាំង កន្លែងនេះ មានសារៈសំខាន់ណាស់ ដេីម្បីជួយសម្រួលបញ្ចៀស បង្វែរចរាចរណ៍ផ្លូវជាតិលេខ៥ និងលេខ៦ ដ៏មមាញឹក ហើយបង្កលក្ខណ:ងាយស្រួល ដល់ការធ្វេីដំណេីរ ការដឹកជញ្ជូន តាមតម្រូវការរបស់អ្នកប្រើប្រាស់ផ្លូវថ្នល់ ដើម្បីជម្រុញកំណើនជីវភាព គ្រួសារ និងសេដ្ឋកិច្ចតំបន់ ពោលគឺទាំងប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក៏ដូចក្នុងខេត្តបន្ទាយមានជ័យ ទាំងមូល។

ក្នុងនាមប្រជាពលរដ្ឋ រដ្ឋបាលក្រុង លោកសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ លោកឧបនាយករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជបបទ និងថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ ដែលយកចិត្តទុកដាក់ និងគិតគូរសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋាន គ្រប់កាលៈទេសៈ ក៏ដូចជាផ្តល់ផ្លូវ ស្ពាន ទាំងនេះ /V-PC