ដោយ៖តារារិទ្ធ/កំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនៅចំពោះមុខកម្មករកម្មការិនីជិត២ ម៉ឺននៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៣នេះថានឹងផ្តល់ប្រាក់ចំនួន ២ម៉ឺនដុល្លារជូនកម្មករណាដែលថាត្រូវថៅកែរោងចក្រកាត់ប្រាក់ ខែបើសិនពួកគេមិនមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេច ។

ការប្រកាសរបស់សម្តេចនាពេលនេះជាឆ្លើយតបនឹងជនអគតិនៅក្រៅប្រទេសម្នាក់ដែលសម្តេចហៅថា«អាក្មេងពាល»ដែលបានបង្ហោះក្នុងបណ្តាញសង្គ មរបស់ខ្លួនថាកម្មកររងការកាត់ប្រាក់ខែ២០ដុល្លារបើសិនមិនមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «មានអាក្មេងពាលមួយនោះវាបង្ហោះថាមិនបានមកចូលរួម[ជួបសំណេះសំណាលជាមួយសម្តេច]គេកាត់ប្រាក់ខែកម្មករ ២០ដុល្លារឥឡូវអ្នកណាដែលគេកាត់ប្រាក់ខែដែលមិនបានមកនោះសូមបញ្ចេញឈ្មោះមកហើយអំពាវនាវកម្មករណាដែលមិនបានមកជួប ពូហើយគេកាត់ប្រាក់ចេញមុខ មកពូនឹងសង។ អ្នកឯងបាត់បង់២០ដុល្លារខ្ញុំឲ្យអ្នកឯង២ម៉ឺនដុល្លារឲ្យតែចេញមុខមកដើម្បីខ្ញុំក៏ចង់ដឹងតែវាមានអំពើនេះពិតឬអត់?» ៕