ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល បានបញ្ជាក់ថាៈ គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះ មានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជនហើយអ្វីៗ គឺដើម្បីប្រជាជន។ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេលវេលា កម្លាំងកាយ និងប្រាជ្ញា ស្មារតី, ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ពិតជាបានបង្ហាញឱ្យមហាជន ឃើញច្បាស់នូវអំពើល្អ និងបេះដូងដ៏កក់ក្តៅរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ១៩។

ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តកែប កាលពីថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ប្រទេសយើងធ្លាប់ឆ្លងកាត់សង្គ្រាម និងជម្លោះបែកបាក់ ដែលជាបទពិសោធន៍ ដ៏សែនឈឺចាប់ខ្លោចផ្សា ហើយក៏មានការ បែងចែកតំបន់កាន់កាប់ ដោយមិនមានឯកភាពទឹកដីឡើយ ប៉ុន្តែបច្ចុប្បន្ន យើងកំពុងរស់នៅក្រោមម្លប់នៃសុខសន្តិភាព ពេញលេញ និងទទួលបានមកវិញនូវ ការឯកភាពទឹកដី ព្រមជាមួយនឹងឱកាសអំណោយផលគ្រប់បែបយ៉ាង ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ និងវិបុលភាព សម្រាប់ការរស់នៅប្រកបដោយ ភាពសុខសាន្តរបស់ប្រជាជននៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាល តែមួយ ដែលបានប្តេជ្ញាជ្រោងទង់ព្រះមហាក្សត្រ និងលើកកម្ពស់គោលការណ៍ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ជារៀងដរាប។

ជាមួយគ្នានេះ លោក បណ្ឌិត ហ៊ុន ម៉ាណែត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករព្ញកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមថ្នាក់ដឹកនាំគ្រប់រូប នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកសមាជិកា និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ និងសូមថ្លែងអំណរគុណ ចំពោះការលះបង់ និងការខិតខំបំពេញតួនាទី និងភារកិច្ចរៀងៗខ្លួន យ៉ាងសកម្ម និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយ និងគោលការណ៍ កំណែទម្រង់ផ្សេងៗរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិ និងប្រជាជន៕/V-PC