ដោយ: រ៉ាម៉ន/ភ្នំពេញ៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកដល់ពេលនេះ បានបង្អួតរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតដល់ ១ម៉ឺនគ្រែ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ មិថុនានេះ បានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះ ឲ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសសម្រិតសម្រាំង ឱ្យបានស្អាតចំពោះកិច្ចដែលនៅសេសសល់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ មកដល់ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានលេចចេញជារូបរាងយ៉ាងល្អ ប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលមានរហូតដល់ ១ម៉ឺនគ្រែ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានជំរុញឱ្យក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltd ដែលជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ រៀបចំការងារដែលនៅសេសសល់ ឱ្យបានស្អាត និងទាន់ពេលវេលា។ គម្រោង មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងត្រូវស្ថាបនាឱ្យបានរួចរាល់ ក្នុងខែមិថុនានេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
គួររំលឹកថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺ ពីអគារ ( H1 ដល់ H7) ទាំងអស់ មានប្រមាណ ១ម៉ឺនគ្រែ ជាមួយនឹងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។ សម្រាប់អគារ A, S, E, H1,H2,H3,H4, H5,H6,H7, T1,T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1,T2 ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេ នៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ។ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះ បំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដា៕/V-PC