ដោយ: មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ ដែលធ្វើឲ្យមានអំពើល្មើសដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ័ន្តច្រឡំចំពោះដំណើរការបោះឆ្នោត និងទប់ស្កាត់ការញុះញង់ និងការរារាំងប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ការដាក់ពាក្យស្នើសុំចាត់វិធានការទប់ស្កាត់ និងការញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់រស្មីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៣។
ការស្នើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នេះ បានធ្វើឡើងបន្ទាប់ក្រុមជនអគតិ មួយចំនួន បានធ្វើយុទ្ធនាការតាមរយៈខិត្ដបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្ដាញព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត… ព្រោះ គ្មានគណបក្សភ្លើងទៀន។
ជាមួយគ្នានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតត្រៀមខ្លួនចេញទៅបោះឆ្នោត ដោយកុំយកព័ត៌មានទាំងឡាយណា ដែលមិនចេញពី គ.ជ.ប ធ្វើការរំខានក្នុងអារម្មណ៍ផ្លូវចិត្តឲ្យសោះ។ ហើយអ្នកដែលរំខាន ឬក៏ញុះញង់ដល់ការបោះឆ្នោតនឹងត្រូវទទួលទោស តាមផ្លូវច្បាប់។
សូមជម្រាបថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានចេញសេចក្តីព័ត៌មានថាប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គល មួយចំនួន បានធ្វើយុទ្ធនាការតាមរយៈខិត្ដបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្ដាញ ព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត… ព្រោះគ្មានគណបក្សភ្លើងទៀន។
គ.ជ.ប បានបញ្ជាក់ថា៖ ១. ការដែល គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន ក៏ដូចជាគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការអនុវត្តច្បាប់ ហើយសូមជ្រាបថា គ.ជ.ប គឺជាស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ ដោយ គ.ជ.ប បានអនុវត្ដដោយស្មើភាព និងគ្មានការរើសអើងចំពោះគ្រប់គណបក្ស នយោបាយ។
២. យុទ្ធនាការខាងលើនេះ គឺជាការរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ៖
– រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។
– ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
– បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន។
ជាងនេះទៀត យុទ្ធនាការនេះ គឺជាសកម្មភាពដែលប្រាសចាកទៅនឹងព្រះរាជសារអំពាវនាវ ឱ្យទៅបោះឆ្នោតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងខ្លឹមសារ “ខ្ញុំសូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាព បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី ”។
លើសពីនេះទៀត ចំណុចទី១ មាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប “គ.ជ.ប ចាត់វិធានការគ្រប់រូបភាពដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោត ដោយសម្ងាត់ ”។
ទន្ទឹមនឹងនេះ គ.ជ.ប បានអំពាវនាវ ៖
– ដល់បុគ្គលទាំងឡាយដែលមានចេតនាទុច្ចរិត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្ម ភាពដែលផ្ទុយពីខ្លឹមសារនៃច្បាប់។
– ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ពីព្រោះជាឱកាសតែមួយគត់ រៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើស ថ្នាក់ដឹកនាំរបស់យើង និងជាប្រយោជន៍ សម្រាប់អនាគតយើងផ្ទាល់។
គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភ លើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
គ.ជ.ប សង្ឃឹម និងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយ រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្ដតាមការអំពាវនាវនេះ ឱ្យមានប្រសិទ្ធភាព៕/V-PC