ដោយៈភ្នំសន្ទុក / កំពង់ធំៈ លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវតែធ្វើឡើងជាសាធារណៈ មានតម្លាភាព និងលុបបំបាត់ឱ្យខានតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែជាដាច់ខាត។
លោក សេង សារ៉ាត បានលើកឡើងដូចនេះ នៅក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំសាគ្រាម នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ។
លោកក៏បានស្នើឱ្យតំណាងក្រុមហ៊ុនទទួលការទាំងអស់ ដដែលចូលរួមក្នុងការដេញថ្លៃសូមឱ្យមានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ជៀសវាងការឃុបឃិតគ្នា ក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជា កញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃ ត្រូវឱ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។
លោក សេង សារ៉ាត បានសង្កត់ធ្ងន់ថា: ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមានតម្លាភាព និងជៀសវាងជាដាច់ខាត នូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះ ជនឆ្លៀតឱកាសចាំយកលុយទឹកតែ។ ដោយឡែក អ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃ ត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។
លោក សេង សារ៉ាត ក៏បានបន្ថែមថា: ចំពោះអាជ្ញាធរឃុំទាំង ៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ត្រូវពង្រឹងភាពទទួលខុសត្រូវ នៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យ ជាបន្តបន្ទាប់ ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយក្នុងនោះផងដែរ ប្រជាពលរដ្ឋ មានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍគម្រោងអ្វីមួយ នៅក្នុងមូលដ្ឋានរបស់ខ្លួន៕ V / N