ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី ការពង្រីកការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងយន្តការគ្រប់គ្រង និងវិភាជថវិកាគាំទ្រ ដល់រដ្ឋបាលក្រុង-ស្រុក នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អង្គប្រជុំ លោក សាយ សំអាល់ បានឱ្យដឹងថា: កិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីធ្វើបទបង្ហាញទាក់ទងនឹងការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងការវិភាជថវិកាសម្រាប់គាំទ្រ ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

ជាមួយគ្នានេះ លោក រដ្ឋមន្រ្តី បានចាត់ទុកថា: កិច្ចប្រជុំនេះ ជាការបើកទំព័រថ្មីមួយទៀត ទាក់ទងនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយសារតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិកាឱ្យ និងវិភាជទៅតាមបណ្តារដ្ឋបាលក្រុង ស្រុក។

លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមថា: កញ្ចប់ថវិកានេះ គឺជាកញ្ចប់ថវិកាអន្តរាគមន៍ប៉ុណ្ណោះ មិនមែនជាថវិកាប្រតិបត្តិការពេញលេញនោះទេ ដែលរដ្ឋបាលក្រុង ស្រុក ត្រូវស្វះស្វែងរកប្រភពចំណូលបន្ថែមទៀត។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំ ក៏មានការធ្វើបទបង្ហាញចំនួន៣ ជូនដល់រដ្ឋបាលក្រុង-ស្រុក រួមមាន៖ ១)ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (Digital 4.0) ក្នុងការជំរុញ និងគាំទ្រការគ្រប់គ្រង សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ២)នីតិវិធីហិរញ្ញវត្ថុពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង៣)ការវិភាជថវិកា ដល់រដ្ឋបាលក្រុង ស្រុក។ ជាមួយគ្នានេះ ក៏មានកិច្ចពិភាក្សារួម អំពីបញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការរៀបចំសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ក៏ដូចជាការប្រមូលធាតុចូលពីរដ្ឋបាលក្រុង ស្រុក ផងដែរ៕ V / N