ដោយៈ យោធិន / ព្រះសីហនុ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខកងយោធា មួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អមដំណើរដោយ ឧត្តមសេនីយ៍ឯក ហេង ធូ និងឧត្តមសេនីយ៍ទោ លី វណ្ណារ៉ា អគ្គនាយករង មជ្ឈមណ្ឌលជាតិ បានអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពស្ទួចគ្រឿងសម្ភារៈ ផ្ទុកតាមនាវា នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ រួមមាន រថពាសដែកពហុជំនាញ ចំនួន ១៤ គ្រឿង និងសម្ភារៈគ្រឿង បំពាក់ចំនួន ៥ កុងតឺន័រ ទៅកាន់តំបន់ បេសកកម្ម អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

រថពាសដែកពហុជំនាញទាំង ១៤ គ្រឿងនេះ ជាប្រភេទរថពាស ដែក ផលិតជាពិសេស អាចទប់ទល់នឹងការវាយប្រហារ ដោយគ្រាប់កាំភ្លើង គ្រាប់មីនបង្កប់…។ រថពាសដែក ពហុជំនាញ នេះដែរ សម្រាប់បេសកកម្ម អង្គការសហប្រជាជាតិ ប្រើប្រាស់ជា មធ្យោបាយដឹកចល័តកងកម្លាំង និងជាយានយន្ត សម្រាប់វិស័យ សុខាភិបាល។

សូមបញ្ជាក់ថាៈ គ្រឿងសម្ភារៈដែលកម្ពុជា បានបញ្ជូនទៅកាន់ តំបន់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី រួមមាន រថយន្តចំនួន ១៤ គ្រឿង ប្រភេទរថយន្តរថពាសដែក (MPV) និងសម្ភារៈប្រើ ប្រាស់ចំនួន ៥ កុងតឺន័រ សម្រាប់បំពេញបន្ថែមលើ រថយន្ត និង សម្ភារៈដែលមានស្រាប់ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិន ទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។ នេះបើតាមការ បញ្ជាក់ពី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ។

សូមបញ្ជាក់ផងដែរថា នាវាដឹករថពាសដែកពហុជំនាញ និងគ្រឿងសម្ភារៈចំនួន ៥ កុងតឺន័រខាងលើនេះ គ្រោងនឹងទៅ ដល់គោលដៅ នៅសាធារណរដ្ឋម៉ាលី នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣ ៕/V/R