ដោយៈសុផល/​ភ្នំពេញ​៖​អ្នកសិល្បៈ វិចិត្រករ និង​អ្នកជំនាញ​មកពី​បារាំង និង​នៅក្នុង​ប្រទេស​កម្ពុជា​បានរួម​គ្នា​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​គំនូរ​ជាច្រើន​ប្រភេទ​និង​វិស័យ​ភាពយន្ត ​ជាពិសេស​វត្ថុ​សេ​រ៉ា​ម៉ិច​របស់​ខ្មែរ ដែល​ការតាំង​បង្ហាញ​នេះ​គឺ​ដើម្បី​ស្វែងរក​ទីផ្សារ​នៅក្នុង​ស្រុក និង​ក្រៅប្រទេស ក៏ដូចជា​លើកស្ទួយ​ស្នាដៃ​សិល្បៈ​គំនូរ​ខ្មែរ​។​

​លោក Stanislas Loubieres អ្នកជំនាញ​បារាំង​ផ្នែក​សេ​រ៉ា​ម៉ិច បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ពិព័រណ៍​ផ្ទាំងគំនូរ​ស្មូន​បែប​សេ​រ៉ា​ម៉ិច​របស់​ខ្មែរ​កាលពី​យប់​ថ្ងៃទី​០៧​មិថុនា​នៅ​ផ្សារ​ទំនើប និង​អគារ​ពាណិជ្ជកម្ម The PEAK រាជធានី​ភ្នំពេញ ថា​៖ មាន​ផ្ទាំងគំនូរ ស្មូន នៃ​សិល្បៈ​បែប​សេ​រ៉ា​ម៉ិច​របស់​ខ្មែរ​ជាច្រើន ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​ដើម្បី​ស្វែងរក​ការគាំទ្រ និង​ជួយ​កម្ពស់​ទីផ្សារ​នាំចេញ ក៏ដូចជា​ទីផ្សារ​ក្នុងស្រុក ខណៈ​ផ្ទាំងគំនូរ ស្មូន​នៃ​សិល្បៈ​បែប​សេ​រ៉ា​ម៉ិច​របស់​ខ្មែរ​នៅ​មិនទាន់មាន​ភាពទូលំទូលាយ​នៅឡើយ​។​

​លោក Stanislas Loubieres បាន​ណែនាំ​ដល់​អ្នកធ្វើអាជីវកម្ម​សេ​រ៉ា​ម៉ិច​ក្នុងស្រុក​ត្រូវ​រចនា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ទទួលបាន​ការចាប់ អារម្មណ៍​ខ្លាំង​ពី​សំណាក់​ជនជាតិ​បរទេស​។​

សិប្បកម្ម​សេ​រ៉ា​មិច​ដែលជា​ផ្នែក​មួយ​សិប្បកម្ម​ស្មូន​ខ្មែរ គឺ​ភាគច្រើន​មានការ​ផលិត​ជា​សម្ភារ​ប្រើប្រាស់ ដូចជា ក្អម ឆ្នាំង ចាន​និង​វត្ថុ​អនុស្សាវរីយ៍​ប្រណីតៗ ដែល​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅតាម​បណ្ដា​សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ ជាដើម​។​

​លោក សុន សីហា​ក់ ដែលជា​ម្ចាស់​សិប្បកម្ម «​មរតក​សេ​រ៉ា​ម៉ិច​ខ្មែរ​» មាន​ទីតាំងនៅ​ខេត្តសៀមរាប បាន​បញ្ជាក់ថា សិប្បកម្ម​មរតក​សេ​រ៉ា​ម៉ិច​បាន​បើក​ដំណើរការ​ជិត​១០​ឆ្នាំ​មកហើយ និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​បណ្តាជន​បរទេស​ច្រើនជាង​ខ្មែរ ដែល​ភាគច្រើន​ពួកគេ​ទិញ​យកទៅ​ដាក់តាំង​នៅក្នុង​ហាង សណ្ឋាគារ ភោជនីយដ្ឋាន ឬ​ទីតាំង​អាជីវកម្ម​របស់​ពួកគេ​។ ប៉ុន្តែ នៅក្នុង​អំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ​បានធ្វើឱ្យ​ការលក់​របស់​សិប្បកម្ម​ស្ទើរ​គ្រប់​ប្រភេទ​មានការ​ធ្លាក់ចុះ ដោយសារតែ​អតិថិជន​ភាគច្រើន​ជា​ជនបរទេស ។​

​លោក​បាន​បន្តថា​មួយរយៈ​ចុងក្រោយ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​គាំទ្រ​សេ​រ៉ា​ម៉ិច​ខ្មែរ​ច្រើន​ពិសេស​នៅក្នុង​អំឡុង​ពេ​កូ​វីដ​១៩​បន្ទាប់ពី​លោក​បានធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ប្រជាពលរដ្ឋ​បាន​ជួ​យក​ម្ម៉​ង់​ទិញ​សិប្បកម្ម​សេ​រ៉ា​មិច​ច្រើន​បើទោះបីជា​មិនមាន​ភ្ញៀវ​បរទេស​ក៏ដោយ​ពីព្រោះថា​កាល​មុន​កូ​វីដ​១៩​លោក​ធ្វើ​សេ​រ៉ា​ម៉ិច​សម្រាប់តែ​ភ្ញៀវ​បរទេស​ទេ​តែដោយសារ​កូ​វី​ដលោក​បានធ្វើ​ការកែឆ្នៃ​ពី​សិល្បៈ​បែប​បរទេស​មកជា​លក្ខ​ណៈ​ខ្មែរ​វិញ​។​

​លោក​បាន​បន្ថែមទៀតថា​ឥឡូវនេះ​សិប្បកម្ម​របស់លោក​បាន​ទាំងពីរ​ទាំង​ភ្ញៀវ​ក្នុងស្រុក​ផង​និង​ភ្ញៀវ​បរទេស​ផង​ហើយ​ភ្ញៀវ​ខ្លះ​គាត់​ក​ម្ម៉​ង់​ពី​ខ្ញុំ​ទៅ​លក់​បន្ត​នៅក្រៅ​ប្រទេស​ដោយ​ដឹក​ជ​ញ្ជួ​ន​ខ្លួន​គាត់​។​លោក​បាន​បញ្ជា​ល់​ថា​លោក​នឹង​ខិតខំ​រៀង​សូត្រ​បន្ថែមទៀត​ពី​អ្នកជំនាញ​បរទេស​និង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ដើម្បី​អាច​នាំចេញ​សិប្បកម្ម​សេ​រ៉ា​ម៉ិ​ញ​នេះ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​កាន់តែច្រើន​ថែមទៀត​។ លោក​បាន​បញ្ជាក់ទៀតថា​ចំពោះ​តម្លៃ​វិញ​ទាប​បំផុត​ចាប់ពី​១​ដុល្លារ​និង​ខ្ពស់បំផុត​រហូតដល់​៧០០​ដុល្លារ​៕Ph