ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី៨មិថុនាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលបញ្ចប់ជម្លោះព្រំដែនសមុទ្រដ៏យូរលង់ហើយបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងវិធានការ “រើសអើងដ៏អាក្រក់” ប្រឆាំងនឹងដូងប្រេងពីសំណាក់សហភាពអឺរ៉ុប។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ដែលកំពុងមកធ្វើទស្សនកិច្ច និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីមបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាសំខាន់ពីរស្តីពីការកំណត់ដែនទឹករបស់ប្រទេសទាំងពីរនៅក្នុងផ្នែកខ្លះនៃច្រកសមុទ្រម៉ាឡាកានិងសមុទ្រស៊ូឡាវេស៊ី (Sulawesi)។ កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាផ្សេងទៀត រួមមានផែនការកែលម្អច្រកព្រំដែន ពង្រឹងពាណិជ្ជកម្មតាមព្រំដែន និងជំរុញការវិនិយោគ។
លោកវីដូដូបានប្រាប់សន្និសីទសារព័ត៌មានរួមមួយដោយយោងទៅលើសន្ធិសញ្ញាសមុទ្រថា “បន្ទាប់ពីការចរចារយៈពេល ១៨ ឆ្នាំ…សូមសរសើរដល់ព្រះ ទីបំផុតវាត្រូវបានដោះស្រាយហើយ”។
លោកវីដូដូបានទៅដល់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃពុធ អមដោយភរិយានិងរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសសិង្ហបុរី។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកគឺធ្វើតបទៅនឹងទស្សនកិច្ចរបស់លោកអាន់វ៉ាក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែមករា ភ្លាមៗបន្ទាប់ពីលោកអាន់ឡើងកាន់តំណែង។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ មេដឹកនាំទាំងពីរបាននិយាយថាការចុះហត្ថលេខាលើសន្ធិសញ្ញានេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការចរចាព្រំដែនសមុទ្រនាពេលអនាគត។ ពួកគេបានសន្យាដោះស្រាយបញ្ហាព្រំដែនដីគោកផ្សេងទៀតនៅត្រឹមខែមិថុនា ឆ្នាំ២០២៤។
មេដឹកនាំទាំងពីរក៏បានរំលឹកឡើងវិញនូវជំហររបស់ពួកគេក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីប្រយុទ្ធប្រឆាំងនឹង “វិធានការរើសអើងដ៏អាក្រក់បំផុត” របស់សហភាពអឺរ៉ុបប្រឆាំងនឹងដូងប្រេង។ ពួកគេបានជំរុញឱ្យសហភាពអឺរ៉ុបធ្វើការឆ្ពោះទៅរក “សេចក្តីសម្រេចចិត្តដោយយុត្តិធម៌និងសមធម៌”។
លោកអាន់វ៉ាបានប្រាប់សន្និសីទសារព័ត៌មានថា “យើងនឹងនិយាយក្នុងសំឡេងតែមួយដើម្បីការពារឧស្សាហកម្មដូងប្រេង”។
សហភាពអឺរ៉ុបបានដាក់ចេញច្បាប់ថ្មីនៅឆ្នាំនេះ ដែលហាមប្រាមការនាំចូលទំនិញដែលទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ ជាវិធានការមួយដែលគេរំពឹងថានឹងប៉ះពាល់ដល់ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី។ ប្រទេសទាំងពីរ ដែលរួមគ្នាផលិតដូងប្រេងពិភពលោក ៨៥ ភាគរយ បានបញ្ជូនបេសកកម្មរួមគ្នាមួយទៅកាន់ទីក្រុងព្រុចសែលកាលពីសប្តាហ៍មុន ដើម្បីព្យាយាមដោះស្រាយបញ្ហាជាមួយសហភាពអឺរ៉ុប៕
លោកអាន់វ៉ានិងលោកវីដូដូដើរកាត់ផ្សារក្នុងក្រុងគូឡាឡាំពួកាលពីព្រឹកថ្ងៃព្រហស្បតិ៍