ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ បាតុករមួយក្រុមកាលពីថ្ងៃព្រហស្បតិ៍បានទាមទារអោយគណៈកម្មាធិការរៀបចំការបោះឆ្នោត(EC)ថៃទាត់ចោលរាល់បណ្តឹងប្រឆាំងប្រធានគណបក្សកាវក្លៃ(MFP)លោកភិតា លីមចារឺនរ៉ាត ហើយអនុម័តលទ្ធផលឆ្នោតអោយបានឆាប់តាមដែលអាចធ្វើបានដើម្បីបើកផ្លូវអោយក្រុមចម្រុះដឹកនាំដោយMFPបង្កើតរដ្ឋាភិបាលថ្មី។
មនុស្សប្រមាណ៥០នាក់មកពីក្រុមដែលហៅខ្លួនឯងថា «ក្រុមប្រជាធិបតេយ្យ២៤មិថុនា»បានបង្ហាញខ្លួននៅការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតក្នុងក្រុងបាងកកកាលពីរសៀលថ្ងៃព្រហស្បតិ៍។មេក្រុមនេះឈ្មោះសំយ៉ុត ព្រឹក្សាកាសេមស៊ុក(Somyot Prueksakasemsuk)បាននិយាយថា ក្រុមលោកចង់អោយECអនុម័តលទ្ធផលការបោះឆ្នោតកាលពីថ្ងៃ១៤មិថុនាភ្លាម។
សំយ៉ុត ព្រឹក្សាកាសេមស៊ុក ដែលធ្លាប់ជាប់គុកប្រាំពីរឆ្នាំចំពោះទោសប្រមាថស្តេចនិងបរិហាកេរ្តិ៍កំពុងដឹកនាំមនុស្សដាក់សម្ពាធលើគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ
លោកសំយ៉ុត បាននិយាយថា« ដរាបណាECមិនទាន់បញ្ជាក់លទ្ធផលឆ្នោត៩៥ភាគរយទេ ការបើកកិច្ចប្រជុំសភាក៏នឹងត្រូវពន្យារពេលហើយសភាមិនអាចកោះប្រជុំជ្រើសរើសនាយករដ្ឋមន្ត្រី។ប្រការនេះអនុញ្ញាតអោយឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់ អូចា បន្តដឹកនាំរដ្ឋាភិបាលចាំផ្ទះ គឺបន្តនៅក្នុងអំណាច»។
«ការប៉ុនប៉ងណាមួយដើម្បីរារាំងមិនអោយលោកភិតានិងគណបក្សរបស់លោកដឹកនាំរដ្ឋាភិបាលនឹងនាំដល់វិបត្តិនយោបាយ។ECមិនគួរទទួលយកបណ្តឹងណាមួយពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុនរបស់លោកភិតាក្នុងកូនក្រុមហ៊ុនiTVនេះមកពិចារណាទេ។បើមិនអ៊ីចឹងទេ នឹងមានមហាបាតុកម្ម»។
ដោយកត់សំគាល់ថាECត្រូវបានតែងតាំងឡើងដោយព្រឹទ្ធសភា ដែលបន្តុបឡើងដោយលោកប្រាយុទ្ធនិងសម្ពន្ធមិត្ត ក្រុមលោកសំយ៉ុតបាននិយាយថា «បើសិនជាECទទួលយកបណ្តឹងទៅពិចារណា វានឹងបង្ហាញថាគណៈកម្មាធិការរៀបចំការបោះឆ្នោតពាក់ព័ន្ធពួកធ្វើរដ្ឋប្រហារ។បណ្តឹងនិងការទទួលយកវាទៅពិចារណា នឹងត្រូវចាត់ទុកថាជាចេតនាអាក្រក់និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ»។
មុននេះលោកភិតាបានទទួលស្គាល់ថាលោកមានភាគហ៊ុនចំនួន៤២.០០០នៅក្រុមហ៊ុនទូរទស្សន៍iTVកាលលោកនៅជានាយកក្រុមហ៊ុនរបស់សពឪពុលលោកនេះ តែបានផ្ទេរវាទៅអោយអ្នកដទៃអស់ហើយ។
ក្នុងពេលជាមួយគ្នា ECនិយាយថាខ្លួននៅពិចារណាថាតើត្រូវទទួលយកបណ្តឹងប្រឆាំងមេដឹកនាំគណបក្សកាវក្លៃ លោកភិតា ដែរឬទេជុំវិញការមានភាគហ៊ុនក្រុមក្រុមហ៊ុនផ្សព្វផ្សាយមួយ។
រំលឹកថាកាលពីថ្ងៃ១០ឧសភា សកម្មជននយោបាយម្នាក់ បានប្តឹងមកទីភ្នាក់ងាររៀបចំការបោះឆ្នោតនេះអោយបើកការស៊ើបអង្កេតលោកភិតា ចំពោះការកាន់កាប់ភាគហ៊ុន៤២.០០០ក្នុងក្រុមហ៊ុនiTVដែលត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ តែបានលែងដំណើរការនៅឆ្នាំ២០០៧។
ដើមបណ្តឹងលោក រឿងក្រៃ(Ruangkrai)នេះក៏ធ្លាប់ប្តឹងអតីតនាយករដ្ឋមន្ត្រីសាម៉ាក់ ស៊ុនដារ៉ាវ៉េច(Samak Sundravej)នៅឆ្នាំ២០០៨ ពីបទទំនាស់ផលប្រយោជន៍ ដោយសារតែលោកទទួលយកថ្លៃឈ្នួលបន្តិចបន្តួចពីកម្មវិធីចម្អិនអាហារតាមទូរទស្សន៍មួយ។តុលាការធម្មនុញ្ញបានព្រមទទួលយកបណ្តឹង ហើយលោកសាម៉ាក់ បានចុះចេញពីតំណែង។
សូមបញ្ជាក់ថា ក្រោមរដ្ឋធម្មនុញ្ញាបច្ចុប្បន្ន បេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវហាមមិនអោយកាន់មុខតំណែងសាធារណៈ បើសិនជាជននោះមានភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សព្វផ្សាយ៕
ភីតា លីមចារឺនរ៉ាត កាលពីថ្ងៃពុធបាននិយាយថាលោករង់ចាំព័ត៌មានលម្អិតពីECហើយសង្ឃឹមថានឹងមិនមានឧបសគ្គនយោបាយណាមួយរារាំងដំណើរលោកទៅកាន់តំណែងនាយករដ្ឋមន្ត្រីទេ