ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តចុះជួប សំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបជិត ២ ម៉ឺននាក់​មកពីរោងចក្រ សហគ្រាស ចំនួន១១ ដែលកំពុងដំ ណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជំនួបសំណេះសំណាល នឹងធ្វើឡើង នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក អុិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថាៈ ជំនួបថ្ងៃនេះ មានកម្មករ​កម្មការិនី ចូលរួមសរុបចំនួន ១៨.០៥៧ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១១ ដែលកំពុងដំណើរការអាជីវកម្ម ក្នុង​ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

រោងចក្រ សហគ្រាស ទាំង១១ នេះ ជាប្រភេទរោងចក្រកាត់ដេរ​ចំនួន៣,​ ផលិត ផលធ្វើ​ដំណើរ និងកាបូបចំនួន២, បោះពុម្ពលើស្បែកជើងកីឡាចំនួន១, ផលិតសម្ភារ កាដូចំនួន១ និងផលិតជ័រ និងប្លាស្ទិកចំនួន១។ ផលិតផលរបស់​រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងប្រទេសជប៉ុន ។ល។

នៅឆ្នាំ២០២៣ នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាស ចំនួន ១៧៣ មានកម្មករ​និយោ​ជិត ជាង ៥ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរ​ចំនួន​២០ សរុប ៤៧.៥៨៥ នាក់។

ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី៧ ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ៧ លើកនេះ មានកម្មករ និយោជិត សរុបប្រមាណ ១៣១.០០០ នាក់។

ក្នុងជំនួបជាមួយកម្មករ កម្មការិនី ជុំទី២ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ កន្លងទៅ ដែលជាការអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី។ នៅ ក្នុងជុំទី២នេះ សម្តេចតេជោ បានសម្រេចផ្ដល់អត្ថប្រយោជន៍បន្ថែម ដល់បងប្អូនកម្មករ និយោជិត ស្ត្រីមានផ្ទៃពោះ ទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដូចស្ត្រីក្នុងគ្រួសារ ដែលមានបណ្ណសមធម៌។ បងប្អូនកម្មការិនី អាចទទួលបាន៖ មុនពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ១លើក អាចទទួលបានចំនួន ៨ ម៉ឺនរៀល តាមការកំណត់ថ្មី នៅពេល ទៅពិនិត្យផ្ទៃពោះម្ដងៗ ។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ ម៉ឺនរៀល និងក្រោយពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១លើក អាចទទួលបានចំនួន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវា ពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើក នៅពេលយកកូនទៅទទួលថ្នាំ បង្ការរហូតដល់អាយុ ២ឆ្នាំ និងបានយកចិត្តទុកដាក់ ដល់ជនពិការដែលធ្វើការ នៅតាមរោងចក្រ សហគ្រាស ដោយសម្រេចឲ្យចេញពីធ្វើការមុនម៉ោង ១៥ នាទី ដូចស្រ្តីមានផ្ទៃពោះ ផងដែរ ៕/V/R