​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន និង​នាយករដ្ឋមន្ត្រី​អង់គ្លេស រី​ស៊ី ស៊ូ​ណាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រំលឹក​ឡើងវិញ​នូវ​ការប្តេជ្ញា​ចិត្ត​របស់​អ្នក​ទាំង​ពីរ​ដើម្បី​ជួយ​អ៊ុ​យក្រែន​​ទប់ទល់​ការឈ្លានពាន​ជា​បន្ត​របស់​រុស្ស៊ី ខណៈ​យល់ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច​របស់​ពួកគាត់​ទាក់ទង​នឹង​បញ្ញា​សិប្បនិម្មិត (AI) ថាមពល​ស្អាត និង​រ៉ែ​សំខាន់ៗ​។​

​មេដឹកនាំ​ទាំង​ពីរ​បាន​និយាយថា កិច្ចព្រមព្រៀង “​ប្រភេទ​បែបនេះ​ជា​លើកដំបូង​” ដែល​ពួកគាត់​ហៅថា “​សេចក្តីប្រកាស​អា​ត្លង់​ទិក​”​នឹង​បម្រើ​ជា​ក្របខ័ណ្ឌ​សម្រាប់​ប្រទេស​ទាំង​ពីរ​លើ​ការអភិវឌ្ឍ​បច្ចេក​​វិជ្ជា​ដែល​កំពុង​រីកចម្រើន ការការពារ​បច្ចេកវិជ្ជា​ដែល​មាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ជាតិ និង បញ្ហា​សន្តិសុខ​សេដ្ឋកិច្ច​ផ្សេងទៀត​។

​លោកបៃ​ដិនបាន​និយា​យខណៈ​មេដឹកនាំ​ទាំង​ពីរ​ចាប់ផ្តើម​កិច្ចពិភាក្សា​នៅក្នុង​ការិយាល័យ​ពងក្រពើ យ៉ាង​ដូច្នេះ​ថា “​យើង​នឹង​ដាក់​តម្លៃ​របស់​យើង​នៅ​ខាង​មុខ​និង​កណ្តាល​”​។​ក្រោយមក​គាត់​បាន​​បន្ថែម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ប្រទេស​ទាំង​ពីរ “​សម្រប​ខ្លួន​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាព​ជា​ដៃគូ​របស់​យើង​ដើម្បី​ធានា​ថា​ប្រទេស​របស់​យើង​នៅតែ​មាន​ប្រៀប​​ឈ្នះ​នៅ​លើ​ពិភពលោក​ដែល​មាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស​”​។​

​ជា​ផ្នែក​នៃ​សេចក្តីប្រកាស​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ភាគី​ទាំងពីរ​នឹង​ចាប់ផ្តើម​ការចរចា​លើ​ការប្រើប្រាស់​រ៉ែ​ពី​ចក្រភព​អង់គ្លេស​ដែល​មាន​សារៈសំខាន់​ក្នុងការ​ផលិត​រថយន្ត​អគ្គិសនី​ដែល​​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ទទួលបាន​ឥណទាន​ពន្ធ​នៅ​សហរដ្ឋ​អាម៉េរិក​។ រដ្ឋបាលបៃដិ​នក៏បាន​បើក​កិច្ច​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន​ផងដែរ ដែល​អនុញ្ញាត​ឱ្យ​វត្ថុធាតុដើម​សំខាន់ៗ​មួយចំនួន​សម្រាប់​រថ​យន្ត EV​ត្រូវ​បាន​ចាត់​ទុក​ដូចជា​មាន​ប្រភព​នៅ​ក្នុង​សហរដ្ឋ​អាម៉េរិក​។​

​សម្ពន្ធមិត្ត​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ការលើកទឹកចិត្ត​នៅក្នុង​ច្បាប់​កាត់បន្ថយ​អតិផរណា​ដែល​អនុគ្រោះ​ដល់​ឧស្សាហកម្ម​រថយន្ត​នៅ​អាម៉េរិក​ខាងជើង​។ បញ្ញត្តិ​ច្បាប់​នេះ ដែល​ជា​ជ័យជម្នះ​គោលនយោបាយ​ដ៏​សំខាន់​មួយ​របស់​លោកបៃ​ដិន បាន​វិនិយោគ​ប្រមាណ ៣៧៥ ពាន់​លាន​ដុល្លារ ដើម្បី​ផ្លាស់ប្តូរ​សហរដ្ឋ​អាម៉េរិក​ទៅ​រក​រថយន្ត​ដែល​មាន​ថាមពល​ស្អាត​ជា​ង​មុន និង ប្រភព​ថាមពល​នានា​ផ្សេង​ទៀត​។​

​លោកបៃ​ដិ​ន​និង​លោក​ស៊ូណា​ក់មាន​ជំនួប​ទល់មុខ​គ្នា​ចំនួន​បួន​ដង​រួចមកហើយ ចាប់តាំងពី​លោក​ស៊ូ​ណាក់​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ខែតុលា ប៉ុន្តែ​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​ឱកាស​ដល់​មេដឹកនាំ​ទាំង​ពីរ​សម្រាប់​ទំនាក់ទំនង​ប្រកបដោយ​និរន្តរភាព​បំផុត​មិន​ធ្លាប់​មាន​រហូតមកទល់​បច្ចុប្បន្ន​៕

​លោក​ស៊ូ​ណាក់ (​ឆ្វេង​) និង​លោ​កបៃដិនពិភាក្សាគ្នា​ក្នុង​ការិយាល័យ​ពងក្រពើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​