ដោយ៖សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៨ មិថុនា ម្សិលមិញនេះ នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ លោកបណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡានៃប្រទេសថៃ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពីការធ្វើម្ចាស់ផ្ទះ រៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ចាប់ពីថ្ងៃទី ២០-២៦ ខែមករា ឆ្នាំ២០២៦ នៅខេត្តនគររាជសីមា (Nakhon Rachasima)។
ឆ្នាំ២០០៨ ប្រទេសថៃ ធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ ASEAN Para Games លើកទី៤ នៅខេត្ត Nakhon Ratchasima ជាទីដែលប្រទេសនេះ ត្រូវបានគេកោតសរសើរ ចំពោះការរៀបចំដ៏ល្អ។
ឥឡូវនេះ ប្រទេសថៃ នឹងរៀបចំ និងធ្វើជាម្ចាស់ផ្ទះការប្រកួត ដ៏មានកិត្យានុភាពនេះ ម្តងទៀត ហើយ ខេត្តនគររាជសីមា ត្រូវបានជ្រើសរើសជាខេត្តម្ចាស់ផ្ទះម្តងទៀត ដោយសារខេត្តនេះ មានគ្រប់តម្រូវការធនធាន និងការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ពីគ្រប់វិស័យ ដើម្បីធានាបាននូវភាពជោគជ័យចុងក្រោយ នៃការប្រកួតប្រជែង។
ក្នុងសន្និសីទកាសែតនេះ មានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ Osoth Bhavilai ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF) លោក Naiyanobh Bhirombhakdi ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកប្រទេសថៃ លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លេខាអគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ ( CAMAPGOC) លោក Cherdkiat Atthakor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា លោក Charin Tongsuk អភិបាលរងខេត្ត Nakhon Ratchasima លោក Prachoom Boontiam អភិបាលរង នៃអាជ្ញាធរកីឡាថៃ លោកវេជ្ជបណ្ឌិត Supranee Guptasa អ្នកគ្រប់គ្រង មូលនិធិជាតិអភិវឌ្ឍន៍កីឡា។
សន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពីតំណាង មកពីប្រទេសសមាជិកអាស៊ាន នីមួយៗ រួមទាំងបណ្តាញសារព័ត៌មាន ជាច្រើនផងដែរ។ សន្និសីទសារព័ត៌មាន បានបង្ហាញវីដេអូមួយ ក្រោមចំណងជើងថា «អាស៊ានប៉ារ៉ាហ្គេមលើកទី១៣ នគររាជសីមា»៕/V/R