ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីលទ្ធផលនៃកិច្ចប្រជុំអគ្គមេបញ្ជាការ កងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមមួយ។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការរណ៍របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។
សេចក្តីថ្លែងការរណ៍របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្តថា ក្រោយពេលបញ្ចប់កិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីដែលជាប្រធានកិច្ចប្រជុំប្តូរវេន បានលើកឡើងអំពីគោលគំនិតរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី ដើម្បីធ្វើសមយុទ្ធយោធារួម នៅសមុទ្រចិនខាងត្បូង ហើយបានសុំយោបល់ពីអគ្គមេបញ្ជាការកងទ័ពទាំង៩ប្រទេស ក្នុងនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងអគ្គមេបញ្ញាការនៃប្រទេសជាច្រើនទៀត មិនបានឆ្លើយតបទ។
របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្តថា ក្នុងកិច្ចប្រជុំទ្វេភាគី អគ្គមេបញ្ញាការកងទ័ពឥណ្ឌូនេស៊ីបានស្នើសុំយោបល់ពីអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទម្តងទៀត ក្នុងនោះអគ្គមេបញ្ញាការនៃកងយោធពលខេមរភូមិន្ទ បានឆ្លើយតប ពីរចំណុចគឺ៖
-ទី១. នៅពេលទទួលបានលិខិតអញ្ជើញរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី យើងនឹង ចាត់តាំងក្រុមការងារដើម្បីសិក្សាអំពីសមយុទ្ធយោធារួមនោះ។
-ទី២. ក្រោយពេលសិក្សាចប់ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងស្នើសុំ គោលការណ៍សម្រេចពីក្រសួងការពារជាតិកម្ពុជា៕/R