​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន បាន​និយាយថា​អា​រ៉ាប៊ីសាអូឌីត​មិនត្រូវ​បាន​បង្ខំ​ឱ្យ​ជ្រើសរើស​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​និង​ប៉េកាំង​នោះទេ ដោយ​បញ្ចេញ​សំឡេង​បែប​ផ្សះផ្សា​នៅក្នុង​ទីក្រុង​រី​យ៉ាដ បន្ទាប់​ពី​ភាព​តានតឹង​ជាមួយ​សម្ពន្ធមិត្ត​ចាស់វស្សា​មួយ​នេះ​។​

​លោក​ប្លីង​កិន ដែល​បង្ហាញ​ខ្លួន​ជាមួយ​សម​ភាគី​អា​រ៉ាប៊ីសាអូឌីត គឺ​ព្រះអង្គម្ចាស់ ហ្វៃ​សាល ប៊ីន ហ្វា​ហាន (Faisal bin Farhan) នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃនោះ បាន​លើកឡើង​ថា ទំនាក់ទំនង​ដ៏​កក់ក្តៅ​របស់​អា​រ៉ាប៊ីសាអូឌីត​ជាមួយចិន​មិនមែន​ជា​បញ្ហា​សម្រាប់​សហរដ្ឋអាម៉េរិ​ក​ទេ​។​

​លោក​បាន​បន្ថែមថា សហរដ្ឋ​អាម៉េរិក​គាំទ្រ​ដល់​គោលដៅ​មនុស្សធម៌ ដែល​ព្រះអង្គម្ចាស់​ហ្វៃ​សាល បាន​មានបន្ទូលថា​នៅ​ពីក្រោយ​ការដកចេញ​នូវ​ការព្យួរ​បេក្ខភាព​ស៊ី​រី​ពី​សម្ពន្ធ​អារ៉ាប់ ជា​ចំណាត់ការ​មួយ​ត្រូវបាន​ថ្កោលទោស​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​លោក​ប្លីង​កិន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​នៃ​ក្រុមចម្រុះ​សកល​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អី​ស្លាម​ថា “​យើង​…​ច្បាស់​ណាស់​ថា​យើង​មិន​ស្នើ​ឱ្យ​នរណា​ម្នាក់​ជ្រើសរើស​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​ទេ​”​។​

“​យើង​គ្រាន់តែ​ព្យាយាម​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ភាព​ជា​ដៃគូ​របស់​យើង​និង​របៀបវារៈ​បញ្ជាក់​ដែល​យើង​នាំ​យក​មក​ប៉ុណ្ណោះ​”​។​

​ចិន​បាន​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​នៅក្នុង​តំបន់​មជ្ឈិម​បូព៌ា នៅ​ពេល​ប្រទេស​នេះ​ជួយ​សម្របសម្រួល​ទំនាក់ទំនង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​រវាង​អា​រ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​ក្នុង​ខែមីនា ពោលគឺ​ប្រាំពីរ​ឆ្នាំ​បន្ទាប់ពី​ប្រទេស​គីឡូ​ធ្ងន់​ទាំង​ពីរ​កាត់​ផ្តាច់ទំនាក់ទំនង​។​

​ការពង្រឹង​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ក្រុង​រី​យ៉ាដ​ជាមួយ​ប៉េកាំង​បាន​ធ្វើឡើង​បន្ទាប់​ពី​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​រវាង​អា​រ៉ាប៊ីសាអូឌីត​និង​សហ​រដ្ឋ​អាម៉េរិក ដែលជា​អ្នក​ធានា​ការពារ​សន្តិសុខ​រាប់​ទសវត្សរ៍​របស់​ខ្លួន ដែល​ភាគច្រើន​គឺ​ផ្តោតលើ​បញ្ហា​សិទ្ធិមនុស្ស​និង​តម្លៃ​ប្រេង​៕

​លោក​ប្លីង​កិន​ថា​មិន​បាន​បង្ខំ​អារ៉ាប៊ីសាអូឌីត​ជ្រើសរើ​សរវាង​អាម៉េរិក​និងចិន​ទេ