ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ រថក្រោះស្តង់ដាណាតូនិងយានប្រយុទ្ធថ្មីៗជាច្រើនរបស់កងកម្លាំងអ៊ុយក្រែនបានបង្ហាញខ្លួននៅក្នុងសមរភូមិ នៅពេលអ្នកវិភាគយោធាបាននិយាយថាការវាយបករបស់អ៊ុយក្រែនដែលគេទន្ទឹងរង់ចាំដ៏យូរកំពុងប្រព្រឹត្តទៅ។
រថក្រោះឡេអូផាត(Leopard)ផលិតនៅអាល្លឺម៉ង់និងយានប្រយុទ្ធប្រ៊ែតលី(Bradley)ផលិតនៅអាម៉េរិកកំពុងវាយរុលឆ្ពោះកាន់ទីប្រជុំជនតូម៉ាក់(Tokmak)នៅភាគខាងត្បូងអ៊ុយក្រែនកន្លែងដែលកងកម្លាំងរុស្ស៊ីកំពុងកាន់កាប់។
លោក បេន បារី(Ben Barry)មន្ត្រីសិក្សាខាងសង្គ្រាមជើងគោកនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិដែលមានមូលដ្ឋាននៅក្រុងឡុងដ៍បាននិយាយថា« ការវាយបករបស់អ៊ុយក្រែនបានចាប់ផ្តើម។ចាប់តាំងពីថ្ងៃ៤មិថុនា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារតាមខ្សែត្រៀមជួរមុខ»។
សូមបញ្ជាក់ថា អ៊ុយក្រែនពឹងលើជំនួយសព្វាវុធទំនើបៗមកពីសម្ពន្ធមិត្តលោកខាងលិចដើម្បីវាយដណ្តើមយកទឹកដីពីកងកម្លាំងរុស្ស៊ីមកវិញក្នុងពេលខ្លួនកំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីរដ្ឋាភិបាលនិងអង្គការជាច្រើនអោយបើកការចរចារកសន្តិភាពជាមួយរុស្ស៊ី។
រដ្ឋាភិបាលអាម៉េរិកនិងអឺរ៉ុបបានផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារនិងជួយហ្វឹកហាត់ទាហានអ៊ុយក្រែនអោយចេះប្រើសព្វាវុធរបស់គេដើម្បីការពារខ្លួននិងវាយបកលើកងកម្លាំងរុស្ស៊ីដែលបានវាយកាន់កាប់ទឹកដីអ៊ុយក្រែនមួយភាគអស់ពេលជាងមួយឆ្នាំមកហើយ។
ទាហានអ៊ុយក្រែនបើករថក្រោះនៅលើផ្លូវមួយក្បែរខ្សែត្រៀមជួរមុខនៅតំបន់ដូណិតសខ៍នៅអ៊ុយក្រែនខាងកើត
នៅសប្តាហ៍នេះកងកម្លាំងអ៊ុយក្រែនបានធ្វើការវាយរុលទៅមុខខ្លះនៅភាគខាងត្បូង តែក៏រងការខូចខាតធ្ងន់ធ្ងរផងដែរ នេះបើតាមការបញ្ចេញអោយដឹងពីមន្ត្រីសុំមិនបញ្ចេញឈ្មោះម្នាក់។អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រយុទ្ធគ្នាកំពុងកើតមាននៅខាងត្បូងនិងម្តុំទីក្រុងបាឃ្មុត។
ក្រុមអ្នកវិភាគនិយាយថា អ៊ុយក្រែនមានបំណងកាត់ផ្តាច់ទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីជាពីរ ដោយផ្តាច់ការផ្គត់ផ្គង់និងខ្សែទូរគមនាគមន៍សំរាប់ទាហានរុស្ស៊ីនៅគ្រីម៉េ៕