​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ត្បូង​ទទឹម​មួយ​គ្រាប់​ត្រូវ​បាន​លក់​នៅឯ​ក្រុមហ៊ុន​ដេញថ្លៃ សូ​សេ​ប៊ីស​(Sotheby’s) ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​មិថុនា​ក្នុងតម្លៃ ៣៤,៨ លាន​ដុល្លារ ដោយ​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​នៅឯ​ការដេញថ្លៃ​សម្រាប់​ត្បូង​ដ៏​មាន​តម្លៃ​នេះ​។​

​ត្បូង ៥៥,២២ កា​រ៉ាត់ ដែល​មានឈ្មោះ​ថា​អ៊ី​ត្រេ​ឡា ដឹ ហ្វ៊ូ​រ៉ា​( Estrela de Fura) គឺ​ជា​ត្បូង​ទទឹម​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពីមុនមក​។​

​វា​ត្រូវ​បាន​កាត់​ចេញពី​ថ្ម​រដិបរដុប​ទម្ងន់ ១០១ កា​រ៉ាត់ ដែល​ត្រូវបាន​រកឃើញ​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​នៅ​ឯ​អណ្តូងរ៉ែ​ត្បូង​ទទឹម​ម៉ុន​តេ​ពឺ​ស (Montepeuz) ក្នុងប្រទេស​ម៉ូ​សំ​ប៊ិក​ដែល​ដំណើរការ​ដោយ​​ក្រុមហ៊ុន Fura Gems ។​

​ត្បូង​នេះ​គឺ​ជា​តារា​ទាក់ទាញ​ប្រចាំការ​លក់​ដេញថ្លៃ​នេះ ដែល​ផ្តល់ជូន​នូវ​គ្រឿង​អលង្ការ​ចំនួន ១០០ មុខ​។​

​ផ្តល់ជូន​ដំបូង​ក្នុងតម្លៃ​ចាប់ផ្តើម ២១ លាន​ដុល្លារ វា​បាន​លក់​ក្នុងតម្លៃ ៣០ លាន​ដុល្លារ បូក​នឹង​ថ្លៃ​សេវា និង កម្រៃជើងសារ​ឱ្យទៅ​អ្នក​ទិញ​តាម​ទូរស័ព្ទ​អនាមិក​។​

​ឯតទគ្គ​កម្ម​ពីមុន​គឺជា​របស់​ត្បូង​ទទឹម​ភូមា​ទម្ងន់ ២៥,៥៩ កា​រ៉ាត់ ដែល​បាន​លក់​ក្នុង​តម្លៃ​សរុប ៣០,៣៣ លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន Sotheby’s នៅ​ទីក្រុង​ហ្សឺ​ណែវ​ក្នុង​ឆ្នាំ ២០១៥៕

​ត្បូង​ទទឹម Estrela de Fura លក់បាន ៣៤,៨ លាន​ដុល្លារ​នៅ​ឯ​ក្រុមហ៊ុន​ដេញថ្លៃ Sotheby’s ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍