ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីចូលកាន់កាប់តំណែង ជាគ្រូបង្វឹកបន្តពីលោក Keiduke Honda នោះលោក Felix Dalmas ចាប់ផ្ដើមការងារជាមួយ ក្រុមជម្រើសជាតិ កម្ពុជាហើយ។

ការចំពោះមុខរបស់លោក គឺការប្រកួតជាមិត្តភាព ជាមួយក្រុមជម្រើសជាតិបង់ក្លាដែសថ្ងៃទី១៥ មិថុនា ខាងមុខនេះ ដែលនេះ ជាវិញ្ញាសាដំបូងរបស់លោក ជាមួយក្រុមជម្រើស ជាតិកម្ពុជា។ ក្រុមយុវជនអាយុក្រោម ២៣ ឆ្នាំរបស់កម្ពុជា សុទ្ធតែមានបច្ចេកទេសលេងផ្ទាល់ខ្លួនល្អរួចជាស្រេចហើយ តែអ្វីដែលត្រូវពង្រឹងបន្ថែមនោះ គឺបច្ចេកទេសលេង ជាក្រុម និងរបៀបលេង ដោយការសហការគ្នា ដោយបេះដូងតែមួយ។

គ្រូបង្វឹករូបនេះ បានពង្រឹងនូកម្លាំង បច្ចេកទេស និងកលល្បិចឡើងវិញទាំងអស់ រួមជាមួយនឹងការទទួល ខុសត្រូវ នៃក្រុមទាំងមូល។កម្ពុជាធ្លាប់ប្រកួតជាមិត្តភាព ចាញ់ បង់ក្លាដែស ០ទល់១ ម្ដងហើយ សម្រាប់ពេលនេះ គ្រូបង្វឹកដែលទើបតែមកកាន់ការងារ ជាថ្មីឡើងវិញនោះ មិនចង់ឲ្យប្រវត្តិសាស្រ្ត ច្រំដែលនោះឡើយ។

ជ័យជំនះជាមហិច្ឆតាដ៏ធំបំផុតមួយ របស់គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ។ កត្តាដ៏សំខាន់ នៃបាល់ទាត់ គឺត្រូវស្គាល់ពីខ្លួនឯង និងគូប្រកួតឲ្យច្បាស់នោះ ទើបក្រុមទាំងមូល ឈានដល់ចំណុច ដែលចង់បាន។

សូមបញ្ជាក់ថា នៅក្នុងជំនួបជាមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិ បង់ក្លាដែសក្រុមកម្ពុជា បានប្រកាសជាផ្លូវការហើយ នឹងប្រើប្រាស់ឯកសណ្ឋានពណ៌ខៀវ សម្រាប់ការប្រកួតនេះ៕/V-PC