ដោយៈ តារារិទ្ធ / កំពង់ឆ្នាំងៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអង្វរករ សូមឱ្យម្ចាស់អចលនទ្រព្យទាំ ងអស់នៅកម្ពុជា មានការយោគយល់ ដល់អ្នកដែលបានបង់រំលោះផ្ទះឬដី នៅតាមបុរី ដែលមិនមានលទ្ធភាពបង់រំ លោះបន្តទៀត តាមរយៈការរៀបចំឥណទានឡើងវិញ ដោយបន្ថយចំនួនប្រាក់ បង់ប្រចាំខែ និងរយៈពេលឆ្នាំ នៃការបង់រំលោះ។ សម្តេចបាន ស្នើឲ្យបញ្ឈប់ជាបន្ទាន់ ការរឹបអូស ហើយអ្នកដែលបានរឹបអូសហើយ គួរពិចារណា សងទៅពួក គាត់វិញ ក្នុងចំនួនណាមួយ ដែលសមរម្យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត ២ ម៉ឺននាក់ មកពីរោង ចក្រ សហគ្រាស ចំនួន ១១ ដែលកំពុងដំណើរ អាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ ។
សម្តេចតេជោ បានអំពាវនាវម្ចាស់អចលនទ្រព្យទាំងអស់ បញ្ឈប់សិន ហើយនិយាយ គ្នាសិន។ កុំមានការរឹបអូសតទៅទៀត ចាប់ពីថ្ងៃទទួលសាររបស់ខ្ញុំទៅ។ ហើយវិធី មាន តែមួយទេ គឺរៀបចំលទ្ធភាពសង រៀបចំឥណទានជាថ្មី ដោយបន្ថយចំនួនប្រាក់បង់ ប្រចាំខែ និងរយៈពេលឆ្នាំ នៃការបង់រំលោះ។
សម្តេច បានបន្តថាៈ បញ្ហាវាកើតឡើងដោយសារតែសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន និងជំងឺកូវីដ ដែលវាបានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក និងបានប៉ះពាល់ដល់ សេដ្ឋកិច្ចកម្ពុជា ផងដែរ។ អញ្ចឹង សូមសុំមេត្តាយោគយល់បញ្ហានេះ ហើយទប់ស្កាត់ បញ្ឈប់ភ្លាម នូវសកម្មភាពរឹបអូស ហើយរៀបចំឥណទានឡើងវិញ ។ហើយអ្នកទិញ ក៏ត្រូវមានការទទួលខុសត្រូវ ក្នុងការបង់បន្ត។ ឯថៅកែបើបានរឹបអូសហើយនោះ អាចពិនិត្យមើលថា តើអាចផ្ដល់លុយត្រឡប់ ទៅឱ្យគាត់វិញខ្លះបានទេ។ ជាមួយគ្នានេះ សម្តេចបានស្នើឲ្យជំនួយការរបស់សម្ដេច ដែលទទួលបន្ទុកការងារវិនិយោគ ពិនិត្យ តាមដានបញ្ហានេះ ហើយធ្វើរបាយការណ៍មកសម្ដេច ដើម្បីឲ្យដឹងព័ត៌មាន ជាក់លាក់ថា តើមានមនុស្សប៉ុន្មាននាក់ ដែលត្រូវបានគេរឹបអូសផ្ទះ ហើយបូរីណាខ្លះ ដែលបានរឹបអូស ផ្ទះពីប្រជាពលរដ្ឋ ហើយបង់បានប៉ុន្មាន និងបានសងត្រឡប់ទៅវិញចំនួនប៉ុន្មាន ។
សម្តេចតេជោ បានបន្តថាៈ នេះជាផ្នែកមួយ នៃយុត្តិធម៌សង្គម ដែលសម្តេចត្រូវ តែយកខ្លួនមកពាំង ព្រោះការរឹបអូសនោះ វាឆាប់ពេក អ្នកខ្លះបង់បាន ៥ ម៉ឺនដុល្លារ ហើយរឹបអូស ធ្វើឲ្យប្រាក់ដែលគាត់ខំសន្សំ ដើម្បីបង់ផ្ទះនេះ ត្រូវបាត់បង់ទាំងស្រុង ដែលជាការបង្កើតការឈឺចាប់ សម្រាប់មនុស្សកាន់តែច្រើន។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ម្ចាស់បុរីទាំងឡាយ នឹងរៀបចំឥណទានឡើងវិញ ព្រោះមិនមានអ្វីខាតទេ។ ហើយកន្លងទៅ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើការរៀបចំ សម្រាប់សម្រួលដល់អ្នកវិនិយោគ លើវិស័យអចលនទ្រព្យ ។ តើយើងគួរមានលក្ខខណ្ឌ អនុគ្រោះនោះ ក៏គួរបានផ្ដល់ សម្រាប់ម្ចាស់បុរីដែរឬទេ។
សម្តេចតេជោ បានថ្លែងថាៈ ការគ្រប់គ្រងប្រទេសមួយ គឺយើងត្រូវមើលអ្នកណា ក៏ជាមនុស្ស នៅក្នុងប្រទេសកម្ពុជា ដែលយើងត្រូវមានការទទួលខុសត្រូវ ៕ V / N