ដោយៈ តារារិទ្ធ / កំពង់ឆ្នាំងៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះ អាងថា មិនទាន់មានកម្មករ–កម្មការនី ណាម្នាក់ រងគ្រោះដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះ (EBA) នៅឡើយទេ។
សម្ដេចតេជោ បានថ្លែងអះអាងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនី មកពីរោងចក្រ ចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាៈ មានបុគ្គលម្នាក់ បាននិយាយថា សម្ដេច មិនហ៊ានជួបជាមួយកម្មករ កម្មការនីនោះទេដោយសារតែបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ។ សម្តេចតេជោ បានបន្តថាៈ ឯងមើលទៅអញជួបម្ដង ១៨.០០០ នាក់ ហើយគេមិនដឹងថា EBA វាជាស្អីផង មិនមែនថា ក្មួយៗមិនដឹងទេ ប៉ុន្តែក្មួយៗ បានរងគ្រោះ ដោយសារអា EBA ហើយនៅ? វាអត់មានរងគ្រោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថាៈ ប្រព័ន្ធអនុគ្រោះពន្ធ (EBA) វាគង់តែបាត់ទេ បើតាមការព្យាករណ៍របស់សម្ដេច គឺឆ្នាំ២០២៧ វានឹងបាត់បង់ទៅឯង ដោយសារប្រទេស យើង នឹងចាកចេញពីប្រទេស មានចំណូលតិចតួច ទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ ។ តែបើទោះបីជាបាត់បង់ ក៏មិនមានបញ្ហាអ្វីដែរ ដោយកម្ពុជា ត្រូវខិតខំប្រឹងប្រឹង ដោយខ្លួនឯង យើងមិនត្រូវពឹង អុកស៊ីហ្សែនគេ ដករហូតទេ ត្រូវកាត់បន្ថយការពឹងពាក់បរទេស៕/V-PC