ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃព្រហស្បតិ៍បានអបអរអ្វីដែលលោកពណ៌នាថាជា«លទ្ធផល»ក្នុងការប្រយុទ្ធដ៏ខ្លាំងនៅតំបន់ដូណិតសខ៍នៅអ៊ុយក្រែនខាងកើត។
ក្នុងពេលជិះរថភ្លើងទៅកាន់តំបន់ជន់លិចដោយការបាក់ទំនប់វារីអគ្គិសនី កាខូវកា(Kakhovka)លោកបាននិយាយបង្ហោះក្នុងវីដេអូថា« មានការប្រយុទ្ធគ្នាដ៏ខ្លាំងនៅតំបន់ដូណិតសខ៍។តែមានលទ្ធផលនិងខ្ញុំសូមសម្តែងការដឹងគុណអ្នកដែលសំរេចបានលទ្ធផលនេះ។ធ្វើបានល្អនៅម្តុំក្រុងបាឃ្មុត។ទៅមុខពីមួយជំហានទៅមួយជំហាន»។
លោកហ្សេឡេនស្គី ចង់និយាយសំដៅទៅកាន់តំបន់ដែមានការប្រយុទ្ធគ្នាខ្លាំង តែលោកមិនផ្តល់ព័ត៌មានលម្អិតទេ។
ហ្សេឡេនស្គី ចុះមើលស្ថានភាពទឹកជំនន់និងសួរសុខទុក្ខប្រជាជននៅតំបន់ឃើសុន ក្រោយទឹកជំនន់មកពីការបាញ់ទំនប់ទឹកកាខូវកាបង្កការជន់លិចទាំងសហគមន៍ៗនិងថតជាមួយពួកមេទ័ពអ៊ុយក្រែនប្រចាំតំបន់នោះ
ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានធ្វើដំណើរទៅកាន់តំបន់ឃើសុនភាគខាងត្បូងដើម្បីពិភាក្សាប្រតិបត្តិការគ្រាអាសន្ននិងសង្គ្រោះបន្ទាន់ក្រោយការជន់លិចបង្កឡើងដោយការបាក់ទំនប់វារីអគ្គិសនីធំមួយ ដែលទាំងរុស្ស៊ីនិងអ៊ុយក្រែនបន្ទោសគ្នាថាជាអ្នកធ្វើអោយបាក់ទំនប់ទឹកនេះ។
ទំនប់ទឹកនេះបានបាក់ធ្លាយកាលពីថ្ងៃអង្គារ និងបញ្ចេញទឹកមកពីទន្លេដ្នីប្រូ(Dnipro)។
ក្នុងសារបង្ហោះក្នុងបណ្តាញសង្គមលោកហ្សេឡេនស្គីបាននិយាយថា«មានបញ្ហាសំខាន់ជាច្រើនត្រូវបានពិភាក្សា។ស្ថានភាពជាក់ស្តែងក្នុងតំបន់នេះបង្កគ្រោះមហន្តរាយមួយ ការជម្លៀសមនុស្សចេញពីតំបន់ជន់លិច កំចាត់ចោលគ្រោះអាសន្នបង្កឡើងដោយការបំផ្ទុះទំនប់ទឹក រៀបចំការគាំទ្រការរស់នៅសំរាប់តំបន់ជន់លិច»។
«លទ្ធភាពស្តារប្រព័ន្ធបរិស្ថានតំបន់នេះឡើងវិញនិងស្ថានភាពប្រតិបត្តិការយោធានៅតំបន់នេះក៏ត្រូវបានលើកមកពិភាក្សាផងដែរ»។
ឃើសុន នៅតាមទន្លេដ្នីប្រូ និងនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រក្រោមទំនប់ទឹក កាខូវកា។
អភិបាលតំបន់ឃើសុន បាននិយាយមុននេះថាត្រឹមថ្ងៃព្រហស្បតិ៍ ផ្ទៃដីទំហំ៦០០គីឡូម៉ែត្រការ៉េបានស្ថិតនៅក្រោមទឹក ភាគច្រើននៅខាងរុស្ស៊ីកាន់កាប់នៅម្ខាងទន្លេ ហើយមនុស្សប្រមាណ២.០០០នាក់បានចាកចេញពីតំបន់រងផលប៉ះពាល់ហើយ។
កាលពីថ្ងៃពុធលោកហ្សេឡេនស្គី បានអំពាវនាវសុំជំនួយពីអង្គការអន្តរជាតិ និងបានសម្តែងការខកចិត្តដោយសារខ្វះការជួយពីអង្គការសហប្រជាជាតិនិងអង្គការកាកបាទក្រហមអន្តរជាតិ ចំពោះផលបង្កឡើងពីការបាក់ទំនប់ទឹកនេះ។
ក្នុងពេលជាមួយគ្នា អាជ្ញាធរបន្តុបឡើងដោយរដ្ឋាភិបាលទីក្រុងមូស្គូបាននិយាយថា មនុស្សប្រាំនាក់បានស្លាប់ដោយទឹកជំនន់បង្កឡើងដោយការបាក់ទំនប់នេះ។ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីក៏បាននិយាយថា ផ្ទះប្រមាណ១៤.០០០ត្រូវបានជន់លិចនិងមនុស្ស៤.៣០០ត្រូវបានជម្លៀស៕