ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល បានបញ្ជាក់ថាៈ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើនជាងគេ ជាពិសេស ចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស និងការពារប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្ម គ្រប់បែបយ៉ាង ដើម្បីប្រជាជន។ លោកបានបញ្ជាក់ដូចនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ គណបក្សប្រជាជនកម្ពុជា បានក្លាយជាទី បង្អែកយ៉ាងរឹងមាំ សម្រាប់ជាតិ និងប្រជាជន ក្នុងការធានាឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី វិបុលភាព និងវឌ្ឍនភាពសង្គម ក្រោមម្លប់នៃសុខសន្តិភាព។ ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្ស សម្រាប់ពេលខាងមុខ, យុវជនគណបក្ស ប្រជាជនកម្ពុជាគ្រប់រូប ដែលជាកម្លាំងឆ្អឹងខ្នងដ៏មានសារៈសំខាន់ និងពោរពេញដោយ ថាមភាព ត្រូវបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចចំនួន ៣ សំខាន់គឺ៖ ទី១. ថែរក្សាសមិទ្ធផលវិជ្ជមានរបស់អ្នកជំនាន់មុន, ទី២. បង្កើននូវសមិទ្ធផលវិជ្ជមានថ្មីៗ បន្ថែមទៀត និងទី៣. រៀបចំមូលដ្ឋានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថាៈ ប្រជាពលរដ្ឋគ្រប់អាជីព គ្រប់សាសនា និងគ្រប់ទីកន្លែង ជាពិសេសយុវជន បានយល់ដឹងអំពីស្នាដៃ និងបុព្វហេតុរបស់ គណបក្សប្រជាជនកម្ពុជា និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏បាន សម្រេចចិត្តជ្រើសរើសចូលជាសមាជិករបស់ គណបក្សប្រជាជនកម្ពុជា រហូតជាង ៦ លាននាក់ នៅទូទាំងប្រទេស។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ, ទិន្នន័យនៃអ្នកចេញទៅបោះឆ្នោត គឺបង្ហាញច្បាស់ អំពីអត្រាដ៏ច្រើនលើសលប់ នៃការគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា និងការគោរពនូវតួនាទី ជាពលរដ្ឋល្អ ដែលត្រូវជ្រើសរើសអ្នកដឹកនាំ ជោគវាសនារបស់ ប្រទេសជាតិ និងប្រជាជន ជាពិសេសអ្នកដែលបានបម្រើជាតិ និងប្រជាជនយ៉ាង ពិតប្រាកដ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាៈ យុវជន មានលក្ខណៈពិសេសជាច្រើន ហើយត្រូវបានមហាជន រួមទាំងគណបក្សប្រជាជនកម្ពុជា តែងបានចាត់ទុកជាឆ្អឹងខ្នង និងជាកម្លាំងដ៏មុតស្រួច ដែលត្រូវយកចិត្តទុកដាក់ថែបំប៉ន និងបណ្តុះបណ្តាលសមត្ថភាពចំណេះដឹង និងចំណេះធ្វើ ជាពិសេសគុណធម៌ សីលធម៌ ដើម្បីឱ្យក្លាយខ្លួន ជាទំពាំងស្នងឫស្សី ដែលត្រូវចូលរួមជាមួយគណបក្ស ក្នុងការអនុវត្តកម្មវិធីនយោបាយ និងបេសកកម្មនានា បម្រើឱ្យផលប្រយោជន៍របស់សង្គមជាតិ។ តួនាទីរបស់យុវជនបក្សគ្រប់រូប គឺការចូលរួមធ្វើសកម្មភាព ជាមួយគណបក្ស តាមរយៈកិច្ចការស្ម័គ្រចិត្ត និងក្នុងបុព្វហេតុការពារនិរន្តភាព នៃការដឹកនាំរបស់បក្ស ដើម្បីធានាលំនឹងស្ថិរភាព និងឱកាសសម្រាប់បច្ចុប្បន្ន និងអនាគត៕/V-PC