ដោយៈ ទេពកង្រី / កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងភរិយា រួមជាមួយលោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងអភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភ ជូនកម្មការិនី ឈ្មោះ ជា ធារី អាយុ ៣២ ឆ្នាំ រស់នៅភូមិកំពង់ក្ដារ ឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាច ដែលសម្រាល បានកូនភ្លោះ ២នាក់ នៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាច។

ដោយឡែក កូនភ្លោះរបស់គាត់ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ហើយអភិបាលខេត្តកំពង់ឆ្នាំង បានចាត់ឲ្យអភិបាលរងខេត្ត និងប្រធានមន្ទីរ ចុះសួរសុខទុក្ខ និងបន្តយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ទារក។

ជាមួយគ្នានោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំអនុសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពី សំណាក់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងយកចិត្តទុកដាក់ គិតគូរសុខទុក្ខប្រជាពលរដ្ឋ គ្រប់ស្ថានភាព ជាពិសេស ក្នុងដំណាក់កាលស្ថានភាពកូវីដ១៩ ជាស្ថានភាពប្រឈម ខ្ពស់បំផុត គឺសម្ដេចបានយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ ដើម្បីបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋទូទៅ ដោយឥតគិតថ្លៃ។ ក្នុងនោះ លោកអភិបាលខេត្ត និងភរិយា រួមនឹងលោកស្រី តំណាងរាស្ត្រ ក៏បានឧបត្ថម្ភថវិកាជូន ដល់ស្ត្រីសម្រាលកូន នៅអគារជាមួយគ្នា និងអ្នកជំងឺមួយចំនួនទៀត៕/V-PC