ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អនុវត្តតាមសេចក្ដីណែនាំលេខ ០២៤ សណន របស់ ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធី នៃការបោះឆ្នោតជ្រើសរើស ប្រធានអនុប្រធាន ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើពិធីបោះឆ្នោត ជ្រើសរើសប្រធានអនុប្រធាន ការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

បេក្ខជនឈរឈ្មោះ ជាប្រធាន មានចំនួន ៣រូប ក្នុងនោះមាន៖ លោក សំ សេដ្ឋា, លោក ឡុង រស្មី , លោក ហ៊ី សុខនី ចំណែកបេក្ខជនឈរឈ្មោះ ជាអនុប្រធាន មានចំនួន រូបផងដែរ ក្នុងរួមមាន៖ លោកស្រី ឈុន ដាលីន , លោក ហេង ម៉េងលី , លោក ថេង បញ្ញាវុធ

ក្រោយការបោះឆ្នោត លោក សំ សេដ្ឋា បានជាប់ឆ្នោតជាប្រធានការិយាល័យ ប្រជាពលរដ្ឋ រាជធានីភ្នំពេញ និងលោកស្រី ឈុនដាលីន អនុប្រធានការិយាល័យ ប្រជាពលរដ្ឋ រាជធានីភ្នំពេញ

ក្រោយការបោះឆ្នោត និងប្រកាសលទ្ធផល ខាងលើ លោក ម៉ប់ សារិន បានណែនាំឱ្យ ក្រុមលេខាធិការដ្ឋាន ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យមានការប្រកាសជាផ្លូវការ ទៅតាមនីតិវិធីនៃច្បាប់។

យោងតាមសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធីនៃ ការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត បានកំណត់ថា៖ ការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ត្រូវធ្វើឡើង ដាច់ដោយឡែក ពីការបោះឆ្នោតជ្រើសរើស អនុប្រធានការិយាល័យ ប្រជាពលរដ្ឋរាជធានី ប៉ុន្តែអាចធ្វើឡើង ក្នុងកិច្ចប្រជុំជាមួយគ្នាបាន ឬក៏កិច្ចប្រជុំដាច់ ដោយឡែកពីគ្នា។ ការបោះឆ្នោត ត្រូវធ្វើឡើងជាសម្ងាត់។ សមាជិកគណៈកម្មាធិការ បោះឆ្នោត ត្រូវទៅកាន់បន្ទប់បោះឆ្នោត ដើម្បីគូសសន្លឹកឆ្នោត ហើយសមាជិកម្នាក់ៗ មានសិទ្ធិគូសសញ្ញា (v) នៅលើសន្លឹកឆ្នោតត្រង់កូឡោន«បោះឆ្នោតគាំទ្រ» នៅជួរបន្ទាត់នៃ ឈ្មោះបេក្ខជន ដើម្បីជ្រើសរើសបេក្ខជនតែមួយប៉ុណ្ណោះ ដែលខ្លួនពេញចិត្ត៕/V-PC