ប្រែសម្រួល៖បំណង(ស្ត្រេតថែមស៍)៖ ការវាយប្រហារដោយកាំបិតកាលពីថ្ងៃព្រហស្បតិ៍នៅទីប្រជុំអានណេស៊ី(Annecy)របស់បារាំងដែលបណ្តាលអោយរបួសមនុស្សប្រាំមួយនាក់រួមមាន កូនក្មេងបួននាក់មិនមានហេតុផលភេរវកម្មទេ នេះបើតាមការអះអាងពីរដ្ឋអាជ្ញានៅទីប្រជុំជនបារាំងភាគអាគ្នេយ៍នេះ។
ជនសង្ស័យកំពុងស្ថិតនៅក្នុងការឃុំខ្លួនរបស់ប៉ូលិស ហើយអាជ្ញាធរកំពុងដំណើការការចោទប្រកាន់ពីបទប៉ុនប៉ងសម្លាប់ នេះបើតាមរដ្ឋអាជ្ញាលីន បូនណិត ម៉ាទីស (Line Bonnet-Mathis)។
លោកស្រីនាយករដ្ឋមន្ត្រីបានរាំងបានអោយដឹងថា ជនសង្ស័យ មានសញ្ជាតិស៊ីរី និងកំពុងទទួលឋានៈជាជនភៀសខ្លួននៅស៊ុយអែត។ជននេះបានចូលក្នុងប្រទេសបារាំងដោយស្របច្បាប់និងកាន់ឯកសារបញ្ជាក់អត្តសញ្ញាណស៊ុយអែតនិងមានប័ណ្ណបើកបរស៊ុយអែត។
ចំណែករដ្ឋមន្ត្រីមហាផ្ទៃបារាំងបាននិយាយថា បុរសនេះក៏បានសុំការជ្រកកោននៅបារាំងផងដែរ តែត្រូវបានបដិសេធកាលពីដើមខែមិថុនា។បុរសស៊ីរីនេះបានទទួលសិទ្ធិអោយស្នាក់នៅស៊ុយអែតកាលពីដប់ឆ្នាំមុន និងបានសុំសិទ្ធិជ្រកកោននៅស្វីស និងអ៊ីតាលីផងដែរ។
វីដេអូស្តីពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍បង្ហាញជនវាយប្រហារលោតផ្លោះរបងទាបមួយចូលក្នុងកន្លែងលេងរបស់កុមារមួយ ចាប់ក្របួចក្មេង រុញស្ត្រីម្នាក់ដែលព្យាយាមរារាំងជនវាយប្រហារ។
ក្មេងរបួសពីរនាក់និងមនុស្សធំម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារស្ថានភាពរបួសដែលគំរាមដល់ជីវិត នៅពេលបីនាក់ទៀតរបួសស្រាល។
ជនល្មើសដែលពាក់ខោអាវនិងវែនតាខ្មៅ ជាមួយនឹងឈ្នួតក្បាល បានព្យាយាមចាក់លើកូនក្មេងអាយុ២២ខែដល់បីឆ្នាំ ហើយមនុស្សធំនៅក្បែរនោះម្នាក់ព្យាយាមរារាំងដោយគប់សាក់កាដូដាក់។ក្រោយមក ប៉ូលិសបានចាប់ខ្លួនជនវាយប្រហារ តែមិនបានបញ្ចេញឈ្មោះជនសង្ស័យទេ។
ក្នុងពេលជាមួយគ្នា ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយថាប្រទេសលោកស្រឡាំងកាំងចំពោះហេតុការណ៍នេះ និងបានហៅការវាយប្រហារនេះថាជា«អំពើកំសាកមែនទែន»។
ឯកសារស៊ុយអែតបង្ហាញថា ជនសង្ស័យធ្លាប់ត្រូវបានពិន័យចំពោះការឆបោកនៅស៊ុយអែតក្នុងឆ្នាំ២០២២ចំពោះការអះអាងទាមទារប្រាក់ឧបត្ថម្ភពេលអត់ការងារធ្វើផងនិងប្រាក់ឧបត្ថម្ភការសិក្សាផងនៅក្នុងពេលតែមួយ។ឯកសារបង្ហាញថា ជននេះជួបការលំបាកហិរញ្ញវត្ថុនិងពេលមួយបានលក់គ្រឿងអលង្ការរបស់ប្រពន្ធ៕
ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានបញ្ចប់នៅពេលប៉ូលិសបាញ់ជនវាយប្រហារនិងបន្ទាប់មកប្រើកម្លាំងសង្រ្គប់ចាប់