ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្លែងទៅកាន់អ្នកកាសែតជាតិ អន្តរជាតិ ក្នុងឱកាស ចូលរួមទស្សនា លើកទឹកចិត្ត ក្នុងការប្រកួត ម្សិលមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣(CAMAPGOC) បានមានប្រសាសន៍ថាៈ ក្នុងនាមជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ា ហ្គេម លើកទី១២ ឆ្នាំ២០២៣ យើងពិតមានមោទនភាពណាស់ យើងបានខិតខំប្រឹងប្រែង រៀបចំចាត់ចែងទីលានប្រកួត គ្រប់ប្រភេទកីឡាទាំងអស់ ប្រកបដោយភាពរលូន និងជោគជ័យ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានកត់សម្គាល់ឃើញថា ទោះបីការប្រកួតកីឡាជន ពិការនេះ មានភាពស្មុគស្មាញខ្លះ ជាពិសេសលើឧបករណ៍ ទីលានប្រកួត សម្រាប់ប៉ារ៉ាហ្គេមក្តី ក៏យើងបានពុះពាររៀបចំ ហើយមកដល់ពេលនេះ គឺអាចចាត់ទុកថា ជាជោគជ័យធំធេងណាស់។
សម្ដេចពិជ័យសេនា បានអះអាងទៀតថាៈ នៅក្នុងការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺកម្ពុជាបានដកពិសោធន៍ បានច្រើនដែរ ទាំងយុទ្ធសាស្ត្រ យុទ្ធវិធីនានា ទាំងប្រភេទកីឡា វិញ្ញាសាប្រកួត ដែលបានធ្វើឱ្យយើង សិក្សារៀនសូត្របានច្រើន។ ចំពោះកីឡាករ កីឡាការិនី ក៏បានដកពិសោធន៍ បានច្រើនដែរ ក្នុងនាមជាម្ចាស់ផ្ទះ ដែលជាគុណប្រយោជន៍មួយដ៏សំខាន់។
ចំពោះមេដាយ ម្ចាស់ផ្ទះ កម្ពុជាមិនទទួលបានច្រើនទេ ដែលនេះជាការរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកដំបូង ម្យ៉ាងការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនី មានពិការភាព មានពេលវេលាតិចតួច។ បើទោះបីជាយ៉ាងនេះក្តី ក៏ឆន្ទៈរបស់កម្ពុជា គឺឃើញច្បាស់ ហើយ គឺពោរពេញដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញភារកិច្ច បានពេញលេញ ក្នុងនាមជាម្ចាស់ផ្ទះ។
ការដណ្តើមមេដាយ ក្នុងនាមជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នេះ គឺយើងបានទទួលបាន ស្របតាមយុទ្ធសាស្ត្ររបស់យើង កម្លាំងពិតរបស់កីឡាករ កីឡាការិនីពិការយើង ហើយ ដោយការពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ កន្លងទៅ គឺកម្ពុជាឈ្នះមេដាយ មាសបាន ៧ ប៉ុន្តែពេលនេះ គឺកម្ពុជាដណ្តើមបានមេដាយមាស ៩គ្រឿង។ ជារួម បើសមត្ថភាពយើង ខ្សោយជាង គឺយើងត្រូវតែទទួលយកដោយសុច្ចចិត្ត។ នេះជាការ សង្កត់ធ្ងន់បន្ថែមចុងក្រោយ របស់សម្តេចពិជ័យសេនា ទៀ បាញ់។
ប្រមុខ CAMAPGOC បានអះអាងទៀតថាៈ លោកបានជួបប្រតិភូកីឡា នៃបណ្តាប្រទេស មួយចំនួន សុទ្ធសឹងតែបានចាត់ទុកថា ទីលានប្រកួត រួមទាំងកិច្ចការពាក់ព័ន្ធជាមួយ គ្នាហ្នឹង គឺបានល្អប្រសើរ ប្រហែលជាមិនមានប្រទេសណា បានរៀបចំចាត់ចែងបានល្អ ដូចយើងនោះទេ នេះជាភាពពិតប្រាកដ ដែលពួកគេ បានលើកឡើង។
កម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់គ្រាន់ ដែលអាចទទួលរៀបចំធ្វើម្ចាស់ផ្ទះ អន្តរជាតិ នាពេលខាងមុខ បានតាមសេចក្តីត្រូវការ។ ដូច្នេះហើយ ទើបក្រុមប្រឹក្សា សហព័ន្ធកីឡាអូឡាំពិកអាស៊ី បានប្រគល់សិទ្ធិដល់កម្ពុជា កាលពីចុងឆ្នាំ២០២១ កន្លងទៅ ក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីលើកទី៤០ នៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នា ឆ្នាំ២០២៩ ។
សម្ដេចពិជ័យសេនា បានបន្ថែមថាៈ ការប្រគល់សិទ្ធិនេះ គឺដោយសារអន្តរជាតិ បានមកពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធកីឡារបស់កម្ពុជា ដោយកោតសរសើរ ពីលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កម្ពុជា ដោយអាចធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាធំៗ កម្រិតអន្តរជាតិ បានទាំងអស់៕ V / N