ដោយៈ សុផល / ព្រៃវែង៖ រាជរដ្ឋាភិបាល បន្តលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍ តំបន់ព្រំដែន ដោយការពង្រីក និងលើកកម្រិត ផ្លូវខេត្តលេខ៣១២ ជាង ២៨ គ.ម ដែលជាផ្លូវយុទ្ធសាស្រ្ត ភ្ជាប់ពីផ្លូវជាតិលេខ១ ទៅច្រកទ្វារព្រំដែន។

នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើក ការដ្ឋានលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ក្រោមឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២ គ.ម ចាប់ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្ត ស្រុកព្រះស្តេច នៃខេត្តព្រៃវែង។ គម្រោងនេះ នឹងត្រូវស្តារពង្រីក​ទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូ ពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងផ្នែកខ្លះ​ក្រាល​បេតុងសរសៃដែក កម្រាស់ ២៥ ស.ម ដែលមានទទឹងរួម ១១ ម៉ែត្រ និងមាន២គន្លងទៅ-មក។ ការដាក់លូ គ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវ ព្រមទាំងការបំពាក់​ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេស ក៏នឹងត្រូវបានរួមបញ្ចូល ក្នុងគម្រោងនេះផងដែរ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ផ្លូវខេត្តលេខ៣១២ ដែលប្រារព្ធពិធីបើក ការដ្ឋាននាពេលនេះ នឹងត្រូវអនុវត្តការសាងសង់ ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE គ្រោងសាងសង់ក្នុងរយៈពេល ១៨ខែ និងថែទាំរយៈពេល ៦០ខែ ដោយប្រើប្រាស់ថវិកា ដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៤,៨៩ លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាត គ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគ​របស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់។ បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ថវិកាសន្សំ ក្នុងគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ ជំហាន២ (RNIP Phase2) ដើម្បីធ្វើការស្ថាបនាអគារឆ្លងកាត់ព្រំដែនអន្តរជាតិ ​បន្ទាយចក្រី-ឌីញបា ដែលគ្រោងនឹងប្រើប្រាស់ថវិកា ប្រមាណ ៨,៥លាន ដុល្លារអាមេរិក។

ផ្លូវខេត្តលេខ៣១២នេះ ជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ ឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះ មានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់​ទីប្រជុំជន ទៅកាន់តំបន់ព្រំដែន (កម្ពុជា-វៀតណាម)។ ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះ នឹងជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារ មូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេស រំពឹងថា នឹងចូលរួមលើកកម្ពស់នូវសកម្មភាព ផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ តម្រូវការអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន នៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាល នៅតែចាត់ទុក​ជាយុទ្ធសាស្រ្តអាទិភាព ដែលជំរុញកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយ ដ៏មានប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រីក្រ របស់ប្រជាជនផងដែរ។ ការអភិវឌ្ឍ​រីកចម្រើននៅកម្ពុជា អាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់ បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលតែងតែផ្តល់ល់ការគាំទ្រ ដល់កា​អភិវឌ្ឍ នៅកម្ពុជា៕ V / N