ដោយៈ សុផល / ភ្នំពេញ៖ គោលនយោបាយសំខាន់ៗ នៃប្រព័ន្ធភស្ដុភារកម្មកម្ពុជា ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការចម្រុះ សម្រាប់សម្រប​សម្រួល ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្ដុភារកម្មកម្ពុជា ជំហានទី២ (CLIP2)។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជា ប្រធានគណៈកម្មការគ្រប់គ្រង គម្រោង​ធ្វើឱ្យប្រសើរឡើង​ប្រព័ន្ធភស្ដុភារកម្មកម្ពុជា ជំហានទី២ (JCC) និងលោកស្រី MIYAHARA Ai តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការរួម សម្របសម្រួលគម្រោងរបស់អន្តរក្រសួង នៃគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា ជំហានទី២ JCC (CLIP2) ដើម្បីពិនិត្យពិភាក្សា ផ្ទៀងផ្ទាត់រួមលើដំណើរការ និងវឌ្ឍនភាព នៃការអនុវត្តគម្រោងសមិទ្ធផល ដែល​ទទួលបាន បញ្ហាគន្លឹះ ដែលនៅសេសសល់ ទិសដៅអនុវត្តជំហានខាងមុខ មុនពេលបញ្ចប់គម្រោង។

អង្គប្រជុំ បានស្វែងយល់បទបង្ហាញ និងផ្តោតការពិភាក្សាលើរបាយការណ៍លទ្ធផល ការងារ បញ្ហាប្រឈម និងដំណោះស្រាយ ចំពោះគម្រោង និងវឌ្ឍនភាពការងា​ថ្មីៗ ក្នុងការរៀបចំបង្កើតគោលនយោបាយ ផែនការសកម្មភាពនានា ដែលក្រុមការងារ កំពុងរៀបចំរួមមាន៖ គោលនយោបាយភស្ដុភារកម្មបៃតង (Green Logistics Policy) គោលនយោបាយរក្សាទុកទំនិញត្រជាក់ (Cold Chain Policy) និងគោលនយោបាយ ទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization Policy) ការសិក្សារៀបចំមជ្ឈមណ្ឌល ភស្តុភារកម្មក្នុងតំបន់ ក៏ដូចជាការធ្វើបទបង្ហាញ អំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ លើផែនការមេប្រព័ន្ធភស្តុភារកម្មកម្ពុជា ការងារកែលម្អច្រកព្រំដែនបាវិត របាយការណ៍កិច្ចប្រជុំពិគ្រោះយោបល់ លើការសិក្សាបង្កើតច្រកព្រំដែនថ្មី នៅក្រុងបាវិត ការពិនិត្យផ្ទៀងផ្ទាត់រួម ក្នុងការពិភាក្សា វាយតម្លៃ និងបញ្ជាក់ពីសមិទ្ធផលនានា នៃគម្រោងជាមួយ គណៈកម្មការគ្រប់គ្រងគម្រោង ក្រុមការងារគម្រោង តំណាង JICA ប្រធានទីប្រឹក្សាគម្រោង និងក្រុម​ការងារសិក្សារបស់ JICA ក្នុងគោលបំណង ដើម្បីឱ្យ ប្រព័ន្ធដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជា មានភាពប្រសើរឡើង នាពេលអនាគត។

អង្គប្រជុំ បានស្វែងយល់ អំពីបទបង្ហាញ និងជជែកពិភាក្សាផងដែរ លើការសិក្សា និងអនុសាសន៍ណែនាំសំខាន់ៗ របស់ទីភ្នាក់ងារ JICA លើគំហើញកត្តាមួយចំនួន​ដែលបានកើតឡើង និងសំណើស្វែងរកដំណោះស្រាយ ការកកស្ទះចរាចរណ៍ នៅច្រកទ្វារព្រំដែនបាវិត រវាងកម្ពុជា-វៀតណាម តាមរយៈការបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារមន្រ្តី ម៉ោងពេលបំពេញការងារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្ថានីយព្រំដែន ។ល។ បន្ថែមពីលើការឆ្លើយបកស្រាយ ទៅនឹង​សំណួរ និង​យោបល់ របស់សមាជិកអង្គប្រជុំ លោកស្រី រដ្ឋលេខាធិការ ក៏បានស្នើឱ្យអង្គប្រជុំពិចារណា និងផ្តល់យោបល់បន្ថែមទៀត ទៅលើចំណុចសំខាន់ៗ ដែលបានលើកឡើង​ ខាងលើ និងផ្តល់ព័ត៌មាន ជូនមកក្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលក្រោយ។

លោកស្រី រដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា៖ ដើម្បីសម្រួលក្នុងការបង្កើតឡើង ប្រព័ន្ធទិន្នន័យទំនាក់ទំនងនិងទីផ្សារប្រព័ន្ធភស្តុភារកម្មឱ្យមានភាពប្រសើរ​ឡើង កាលពីថ្មីៗនេះរាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួននៅតាមផ្លូវជាតិលេខ១ដើម្បីធ្វើឱ្យប្រសើរឡើងចរាចរណ៍ឆ្លងកាត់នៅ​ច្រកទ្វារព្រំដែនបាវិត និងការជួយសម្របសម្រួលការងារនៅច្រកព្រំដែនប៉ោយប៉ែត ស្ទឹងបត់-បានណងអៀនដើម្បីឱ្យការប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនមាន​ភាពប្រសើរឡើងថែមមួយកម្រិតទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី រដ្ឋលេខាធិការ​ ប្រធានអង្គប្រជុំ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមជំនាញការជប៉ុន ក្រុមការងាររបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន និងក្រុមការងារ នៃគណៈកម្មការគ្រប់គ្រង គម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្ដុភារកម្ម ជំហានទី២ និងសមាជិកគណៈកម្មការចម្រុះ​សម្របសម្រួល ការអនុវត្តគម្រោង ដែលបានខិតខំប្រឹងប្រែង បំពេញការងារយ៉ាងសកម្ម និងការចូលរួម ពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទទួលលទ្ធផល បានល្អប្រសើរ។

លោកស្រី រដ្ឋលេខាធិការ ក៏បានសំណូមពរឱ្យក្រុមការងារទាំងអស់ បន្តសហការបន្ថែម ទៀត ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្ម នៅកម្ពុជា ឱ្យកាន់តែមាន ការរីកចម្រើន ​ថែមទៀត និងអាចបញ្ចប់គម្រោង ដោយរលូន ក្នុងជំហានបន្តបន្ទាប់ ខាងមុខទៀត៕ V / N