ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាគាត់ត្រូវបានចោទប្រកាន់ពីបទទុកដាក់មិនបានត្រឹមត្រូវនូវឯកសារសម្ងាត់ជាតិនៅឯផ្ទះរបស់គាត់នៅរដ្ឋផ្លរីដាជាការវិវត្តគួរឱ្យកត់សម្គាល់ដែលធ្វើឱ្យគាត់ក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រអាម៉េរិកប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌដោយរដ្ឋាភិបាលសហព័ន្ធដែលគាត់ធ្លាប់មើលការខុសត្រូវ។
ការចោទប្រកាន់នេះមានផលវិបាកផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ រួមទាំងលទ្ធភាពជាប់ពន្ធនាគារ ប្រសិនបើគាត់ត្រូវបានផ្តន្ទាទោស។
ប៉ុន្តែវាក៏មានការជាប់ពាក់ព័ន្ធផ្នែកនយោបាយដ៏ធំសម្បើមផងដែរ ដែលទំនងអាចធ្វើឱ្យក្រឡាប់ចាក់ការជ្រើសរើសបេក្ខជនប្រធានាធិបតីបឋមរបស់គណបក្សសាធារណរដ្ឋ (GOP)ដែលលោកត្រាំកំពុងគ្រប់គ្រងនិងសាកល្បងម្តងទៀតនូវឆន្ទៈរបស់អ្នកបោះឆ្នោតរបស់បក្ស GOP។
វានឹងកំណត់ដំណាក់កាលសម្រាប់ការកាត់ក្តីដ៏រំជើបរំជួលផ្តោតលើការអះអាងថាបុរសម្នាក់ ដែលធ្លាប់ត្រូវបានប្រគល់ការទុកចិត្តឱ្យការពារការសម្ងាត់ជាតិបែរជាលួចរក្សាទុកព័ត៌មានសន្តិសុខជាតិដ៏រសើបទៅវិញ។
ក្រសួងយុត្តិធម៌មិនបានបញ្ជាក់ពីការចោទប្រកាន់នេះជាសាធារណៈភ្លាមៗទេ។ ប៉ុន្តែមនុស្សពីរនាក់ ដែលដឹងពីស្ថានភាពនេះនិងមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាជាសាធារណៈបាននិយាយថា ការចោទប្រកាន់នោះរួមមានបទល្មើសចំនួនប្រាំពីរ។ មនុស្សម្នាក់ក្នុងចំណោមនោះបាននិយាយថា មេធាវីរបស់លោកត្រាំត្រូវបានរដ្ឋអាជ្ញាទាក់ទងភ្លាមៗមុនពេលលោកប្រកាសនៅលើវេទិកា Truth Social ថាលោកត្រូវបានចោទប្រកាន់។
ក្នុងរយៈពេល ២០ នាទីបន្ទាប់ពីការប្រកាសរបស់គាត់ ត្រាំបានចាប់ផ្តើមរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការប្រធានាធិបតីឆ្នាំ ២០២៤ របស់គាត់ភ្លាម។គាត់បានប្រកាសភាពគ្មានទោសកំហុសរបស់គាត់នៅក្នុងវីដេអូមួយ ហើយបាននិយាយឡើងវិញនូវការអះអាងរបស់គាត់ថា ការស៊ើបអង្កេតនេះគឺជា “ការតាមប្រមាញ់ដ៏អាក្រក់” ។ លោកបាននិយាយថា លោកគ្រោងនឹងឡើងតុលាការនៅរសៀលថ្ងៃអង្គារក្នុងទីក្រុងម៉ៃអាមី ជាកន្លែងដែលក្រុមចៅក្រមដ៏ធំមួយបានប្រជុំគ្នាដើម្បីស្តាប់ភស្តុតាងកាលពីសប្តាហ៍មុន៕
ត្រាំត្រូវបានចោទប្រកាន់ពីបទទុកដាក់មិនបានត្រឹមត្រូវនូវឯកសារសម្ងាត់ជាតិនៅឯផ្ទះរបស់គាត់នៅរដ្ឋផ្លរីដា