ដោយៈ សុផល / កណ្តាល៖ ស្ពានបេតុង​សរសៃដែក ប្រវែង ៧២ ម៉ែត្រ ទទឹង ៦,៦០ ម៉ែត្រ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បានត្រូវបើក ការដ្ឋាន​សាងសង់ កាលពីថ្ងៃទី៨ ខែមិថុនា ក្រោមវត្តមានលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិ របស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា បានខិតខំ​ប្រឹងប្រែងអភិវឌ្ឍ លើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅក្នុងស្រុកកោះធំ ដែលបានធ្វើឱ្យស្រុកនេះ បានកែប្រែមុខមាត់ ប្រកបដោយ​មោទនភាព។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលថ្មីមួយ ក្នុងចំណោម សមិទ្ធផលដទៃទៀត នៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល សម្រាប់ស្រុក​កោះធំនោះគឺ “មន្ទីរពេទ្យតេជោសែន កោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ ដែលបច្ចុប្បន្ន បានសម្រេចការសាងសង់ ប្រមាណជាង ៩៥% និងត្រៀមបើកឱ្យ ដំណើរការ ក្នុង​ពេលឆាប់ៗ ខាងមុខនេះ។ អគារមន្ទីរពេទ្យនេះ មានចំនួន ៣ ខ្នង ទំហំសរុបស្មើនឹង ១២ ៥៤៤,៤ ម៉ែត្រក្រឡា ដែលអាចទទួលអ្នកជំងឺ ១៥០ គ្រែ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍ វិស័យហេដ្ឋានរចនាសម្ព័ន្ធធំៗ ក្នុងប្រទេស រួមមាន ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាគម្រោងផ្លូវល្បឿនលឿន ប្រវត្តិសាស្ត្រលើកដំបូង ក្នុងប្រទេសកម្ពុជា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលបានប្រារព្វពីធីបើក ការដ្ឋាន កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ គម្រោងសិក្សាផ្លូវល្បឿន លឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខា លើកិច្ចព្រងព្រៀងក្របខ័ណ្ឌ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងបានជម្រាប ជូនប្រជាពលរដ្ឋ ពីគម្រោងព្រែកជីកហ្វូណនតេជោ ផងដែរ។

គួរកត់សម្គាល់ផងដែរថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែងក្នុងស្រុកកោះធំ បានអនុញ្ញាតឱ្យស្រុកនេះ កាន់តែមានសក្តានុពល ផ្នែកសេដ្ឋកិច្ច ដែលអំណោយផល ដល់ការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ។
ផ្លូវសេដ្ឋកិច្ចសំខាន់ៗ ក្នុងស្រុកកោះធំ មានដូចជា ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ ផ្លូវលេខ១២៩ និងផ្លូវជាតិលេខ២៣ (ចាប់ពីផ្លូវលេខ១១០ សង្កាត់ជ្រោយតាកែវ ទៅស្រុកលើកដែក ប្រវែង ១៩,៨៣ គ.ម) ដែលគ្រោងនឹងបើកការដ្ឋាន នាពេលឆាប់ៗ នេះ។

ក្រៅពីផ្លូវសេដ្ឋកិច្ចសំខាន់ៗ រាជរដ្ឋាភិបាល ក៏បានបន្តយកចិត្តទុកដាក់ លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត យ៉ាងច្រើន រួមមាន៖ ស្ពានឆ្លងទន្លេបាសាក់ (ស្ពានមិត្តភាព កម្ពុជា-ចិន) កីឡដ្ឋានស្រុកកោះធំ និងអាងហែលទឹក ផ្លូវបេតុងតាមបណ្ដាឃុំនានា ក្នុងស្រុក ស្ពាន ប្រឡាយទឹក មណ្ឌលសុខភាព វត្តអារាម ព្រមទាំងមានភ្លើងសូឡាបំភ្លឺ សងខាងផ្លូវក្នុងឃុំ នៃស្រុកកោះធំ ផងដែរ៕ V / N