​ប្រែ​សម្រួលៈ​បំណង​(VNExpress)៖ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាំ មិញ ជិញ​(Pham Minh Chinh)​បាន​អំពាវនាវ​អោយ​សាធារណជន​សន្សំសំចៃ​ចរន្ត​អគ្គិសនី ដោយ​បើ​កម៉ាស៊ីនត្រជាក់​នៅ​​ពេល​តែ​ចាំបាច់​ប៉ុណ្ណោះ​និង​កំណត់​អង្សា​វា​ត្រឹម​២៦​អង្សា​សេ​ឡើង​។​

​នៅក្នុង​សេចក្តីណែនាំ​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការ​សន្សំសំចៃ​ចរន្តអគ្គិសនី​នេះ លោក​បាន​ព្រមាន​ថា ស្ថានភាព​អគ្គិសនី​កំពុង​ជួប​ការ​ប្រឈម​នៅពេល​ឥឡូវ​ ហើយ​នឹង​នៅតែ​ដូច្នេះ​នៅ​ប៉ុន្មាន​ឆ្នាំ​​ខាង​មុខ​ដោយ​សារ​តំរូវការ​កើនឡើង​។​

​សារាចរ​បាន​និយាយ​​ថា​«​ការប្រើប្រាស់​ចរន្តអគ្គិសនី​ដោយ​ប្រសិទ្ធភាព​និង​អោយ​ផល​សេដ្ឋកិច្ច ជា​ដំណោះស្រាយ​ដើម្បី​ធានា​សន្តិសុខ​ថាមពល​អគ្គិសនី​។​ប្រជាជន​គួរប្រើ​គ្រឿង​បរិក្ខា​អគ្គិសនី​​ប្រភេទ​ស៊ី​ភ្លើង​តិច បិទ​ឧបករណ៍​អគ្គិសនី​នៅ​ពេល​ចេញពី​បន្ទប់​។​ប្រជាជន​គួរ​ជៀសវាង​ប្រើ​អំពូល​ភ្លើង​បំភ្លឺ​ស៊ី​ភ្លើង​ខ្លាំង ហើយ​ប្រើ​ប្រព័ន្ធ​ថាមពល​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​(​សូ​ឡា​)​ជំនួស​។​

​វៀតណាម​នឹង​កាត់បន្ថយ​ការប្រើ​ចរន្តអគ្គិសនី​ត្រឹម​២​ភាគរយ​ក្នុង​មួយឆ្នាំ និង​ការបាត់បង់​ចរន្ត​តាម​ខ្សែ​បញ្ជូន​ជាង​៦​ភាគរយ​នៅត្រឹម​ឆ្នាំ​២០២៥​។​ត្រឹម​ឆ្នាំ​២០៣០ យ៉ាងហោច​ណាស់​ការិយាល័យ​និង​អាគារ​​ស្នាក់នៅ​៥០​ភាគរយ​គួរប្រើ​ថាមពល​សូ​ឡា​មក​ពី​លើ​ដំបូលផ្ទះ​ដំបូល​អាគារ ហើយ​មាន​តែ​អំពូល​LED​គួរប្រើ​នៅតាម​ផ្លូវ​សាធារណៈ​នៅ​ត្រឹម​ឆ្នាំ​២០២៥​។​

​ដើម្បី​សំរេច​គោលដៅ​នេះ បណ្តា​ទី​ភ្នាក់ងាររដ្ឋ​ត្រូវតែ​សម្របសម្រួល​ជាមួយ​បណ្តា​ក្រុមហ៊ុន​ថាមពល​មូលដ្ឋាន​ដើម្បី​អភិវឌ្ឍ​ផែនការ​សន្សំសំចៃ​ថាមពល​អគ្គិសនី និង​ដាក់​ចេញ​បទបញ្ញត្តិ​សន្សំសំចៃ​ភ្លើង​ដើម្បី​​កាត់បន្ថយ​ការប្រើ​យ៉ាងតិច​៥​ភាគរយ​ក្នុង​មួយឆ្នាំ​។​

​សារាចរ​និយាយទៀតថា ការឃោសនា​ផ្សាយពាណិជ្ជកម្ម​នៅតាម​ទីវាល​និង​អាជីវកម្ម​ដេក័រ (​តុបតែង​លម្អ​)​ចាំបាច់​ប្រើតែ​អំពូល​ណា​ដែល​ស៊ី​ភ្លើង​តិច​ ​ថាមពល​សូ​ឡា​និង​ថាមពល​គ្រប់គ្រង​ស្វ័យប្រវត្តិ​។​​បណ្តា​ភោជ្ជ​នី​យដ្ឋា​ន សណ្ឋាគារ ស្ថាប័ន​ពាណិជ្ជកម្ម​ផ្សេងៗ អាគារ​ការិយាល័យ​និង​អាគារ​ផ្ទះល្វែង​ត្រូវតែ​បិទ​ភ្លើង យ៉ាងហោច​ណាស់​ពាក់កណ្តាល​នៃ​ភ្លើង​ផ្សាយ​ឃោសនា​និង​ភ្លើង​តុបតែង​លម្អ​ខាងក្រៅ​។​​ស្ថាប័ន​ពាណិជ្ជកម្ម​និង​ផ្តល់សេវា​ចាំបាច់​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការ​សន្សំសំចៃ​ថាមពល​នេះ​ទៅ​កាន់​អតិថិជន និង​លើកទឹកចិត្ត​អោយប្រើ​ថាមពល​កកើត​ឡើងវិញ​។​

​សេចក្តីណែនាំ​ក៏​ប្រាប់​ទៅ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​អោយ​បង្កើត​កម្មវិធី​លើកទឹកចិត្ត​អោយ​ស្ថាប័ន​ក្រុមហ៊ុន​និង​គ្រួសារ​ប្រើ​បន្ទះ​សូ​ឡា​ដាក់​លើដំបូល​។​

​ត្រា​ន់ វៀត ហ័​រ​(Tran Viet Hoa) នាយក​អាជ្ញាធរ​អគ្គិសនី​វៀតណាម បាន​និយាយថា​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​ភាគ​ខាងជើង​ប្រទេស​មាន​ចំនួន​១៧.៥០០​ទៅ​១៧.៩០០​ម៉េ​ហ្កា​វ៉ាត​(MW)​នៅពេល​​សេចក្តីត្រូវការ​ឡើងដល់​២៣.០០០​ទៅ​២៤.០០០​ម៉េ​ហ្កា​វ៉ាត ក្នុងអំឡុងពេល​ក្តៅ​ខ្លាំង​។​តំបន់​នេះប្រឈម​ការខ្វះ​ចរន្ត​៣០​ទៅ​៥០​ម៉េ​ហ្កា​វ៉ាត​។​

​ក្រោម​ឥទ្ធិព​ល​បាតុ​ភូត អែល នី​ណូ​(El Nino) ដែល​បណ្តាល​អោយ​ភ្លៀង​តិច​និង​កំដៅ​កើនឡើង ឆ្នាំ​នេះ​ភាគ​ខាងជើង​វៀតណាម​ជួប​រលក​កំដៅ​ដែល​ពេល​ខ្លះ​ឡើងដល់​៤០​អង្សា​សេ​៕

​វៀតណាម​ណែនាំ​អោយ​កាត់បន្ថយ​ភ្លើង​តាម​ដងផ្លូវ​និង​ការផ្សាយពាណិជ្ជកម្ម ដោយសារ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ទាប​ជាង​តំរូវការ​និងលើកទឹកចិត្តអោយ​ងាក​ទៅប្រើ​ថាមពល​កកើត​ឡើងវិញ​ជាពិសេស​បន្ទះ​សូ​ឡា​