ដោយ:មុនីរ័ត្ន/ភ្នំពេញ៖ នៅសាលប្រជុំក្រសួងបរិស្ថាន ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សា ការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ និងឆ្លងសេចក្តីព្រាងផែនការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងការទន្រ្ទានរានយកដីរដ្ឋ ដឹកនាំដោយ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន, លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌, លោក ស៊ុយ សែម រដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល, លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមានចូលរួមពីលោកតំណាងទីស្តីការគណៈរដ្ឋមន្ត្រី លោកតំណាងក្រសួងមហាផ្ទៃ ឯកឧត្តម តំណាងក្រសួងនគររៀបចំដែនដី និងសំណង់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច និងលោក លោកស្រីជាអភិបាល អភិបាលរង រាជធានី-ខេត្ត ព្រមទាំងមន្ត្រីក្រសួងស្ថាប័នដែលពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ។

សូមជម្រាបថា កាលពីពេលថ្មីៗ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារសម្លេងជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តអភិបាលខេត្ត តាមការសង្កេតនិងទទួលបានព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅនិងពេលនេះ ដោយសារជិតកៀកបោះឆ្នោត ពួកខិលខូចបានចាប់ផ្ដើមធ្វើសកម្មភាព ក្នុងការទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋ ដែលជាសម្បត្តិធនធានរបស់ជាតិហើយតែងតែសង្កេតថាជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោត អំពើល្មើសច្បាប់ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីគឺតែងតែកើតមាន ។ ដូច្នេះសូមរំលឹកដល់ក្រសួងដែលមានការពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោលនូវពួកខិលខូចដែលឆ្លៀតឱកាស នៅពេលវេលាដែលរាជរដ្ឋាភិបាលកំពុងតែជាប់រវល់ ទៅលើកិច្ចការទាក់ទងទៅនឹងការបោះឆ្នោត ហើយគេលួចទៅកាប់បំផ្លាញព្រៃឈើ បញ្ហាទាំងអស់នេះគឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់របស់ឯកឧត្តមលោកជំទាវដែលជាអភិបាលខេត្ត ដែលមានព្រៃឈើទាំងនោះ។ សុំយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែនក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងឡាយសុំមេត្តាគោរពច្បាប់ និងសុំកុំទៅទន្ទ្រានយកដីរបស់រដ្ឋ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវបទបញ្ជាម៉ឹងម៉ាត់ដើម្បីចាប់យកមេខ្លោងទាំងឡាយដែលបំពានច្បាប់ទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់។ ហើយមិនអាចលើកលែងហើយយប់យល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ។ យើងត្រូវធ្វើកិច្ចការដើម្បីការពារធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋ ។ ហើយមិនអាចយកយល់រាល់កម្មភាពទាំងឡាយណាដែលល្មើសច្បាប់នៅក្នុងពេលវេលារាជរដ្ឋាភិបាលកំពុងជាប់រវល់ ។
ជាមួយគ្នានេះសម្ដេចតេជោហ៊ុនសែនក៏បានអំពាវនាវទៅដល់អ្នកដែលមានប្រាក់កាក់ ឬមានអំណាចដែលឈរនៅពីក្រោយខ្នងនៃជនខិលខូចឬប្រើប្រាស់ជនខូចទាំងនេះដើម្បីទៅកាប់ទន្ទ្រានយកព្រៃឈើ។ ហើយត្រូវដកខ្លួនចេញជាបន្ទាន់ប្រសិនបើមានការស្រាវជ្រាវឃើញថា មានកាចជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីណា ឬអ្នកមានប្រាក់កាក់ណាក៏ដោយ រដ្ឋាភិបាលនិងមិនអត់ឱនហើយក៏មិនលើកលែងចំពោះសកម្មភាពទៅពីក្រោយខ្នងនោះផងដែរ។ ទទួលបាននូវបទបញ្ជានេះសុំឯកឧត្តមលោកជំទាវ ចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្ក្រាបនៅភាពអាណាធិបតេយ្យក្នុងការកាត់ទន្ទ្រានយកដីព្រៃ កាត់បំផ្លាញព្រៃឈើដើម្បីយកដីធ្លីត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ដោយមិនពន្យារពេល។ ហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹមមិនអាចឲ្យកើតឡើងងើបឡើងសារជាថ្មីដើម្បីបំផ្លាញទៅដល់ព្រៃឈើនិងដីធ្លីរបស់រដ្ឋនោះឡើយ៕សរន